កញ្ញា រី ស្រីនេត ដែលជានារីដែលធ្លាប់តែជិះម៉ូតូឌុបកាត់ថ្ងៃកាត់ខ្យល់កាត់ភ្លៀងកាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះលែងលំបាកទៀតហើយ ដោយនាងបានចំណាយពេលវេលាត្រឹមតែមួយឆ្នាំប៉ុណ្ណោះ នាងបានកែប្រែវាសនារបស់ខ្លួនឱ្យល្អប្រសើរឡើង ។

បន្ទាប់ពីជាប់លំដាប់រងទី១ក្នុងការប្រកួតសម្រស់មួយកាលពីឆ្នាំមុន បានធ្វើឱ្យជីវិត កញ្ញាសប្បុរស្រអែម រី ស្រីនេត ផ្លាស់ប្តូរស្ទើរតែមួយរយដឺក្រេ ទាំងកេរ្តិ៍ឈ្មោះ រូបរាង និង ជីវភាព ។ ដើមឡើងគេបានដាក់រហ័សនាមដល់ រី ស្រីនេត ថាជានារីកំសត់ សូម្បីតែរូបនាងក៏ទទួលស្គាល់ថា នាងជាសិល្បការិនីកំសត់ជាងគេដែរ តស៊ូក្នុងសិល្បៈតាំងពីគ្មានអ្នកស្គាល់ គ្មានអ្នកឱ្យតម្លៃ រហូតក្លាយទៅជាតារាល្បីឈ្មោះដែលមានអ្នកគាំទ្រនិងស្រឡាញ់ច្រើន គឺជារឿងនឹកស្មានមិនដល់ ។
បច្ចុប្បន្ន រី ស្រីនេត ទទួលបានការងារច្រើន ទាំងថតភាពយន្ត ថតស្ពត និងធ្វើជា BA ឱ្យបណ្តាក្រុមហ៊ុននានា… ដោយនាងអាចរកប្រាក់ចំណូលបានច្រើនជាងមុនដើម្បីជួយខ្លួនឯងនិងក្រុមគ្រួសារ មិនថា រថយន្ត ផ្ទះសំបែង និង ទ្រព្យសម្បត្តិ គឺមានសមល្មមដែលអាចឱ្យខ្លួនរស់នៅបានស្រួលជាងមុន ។
រី ស្រីនេត បានប្រាប់ថា រី ស្រីនេត នារីកំសត់កាលពីប៉ុន្មានឆ្នាំមុនលែងកំសត់ទៀតហើយ នាងប្តេជ្ញាចិត្តប្រឹងធ្វើការងារផ្សេងៗដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត និងមិនឱ្យគេមើលងាយដូចកាលពីមុនទៀតទេ ។
ខណៈពេលដែលជីវិតកំពុងល្អប្រសើរ រី ស្រីនេត ក៏ត្រៀមនឹងវិលត្រឡប់មកកាន់ឆាកបវរកញ្ញាជាថ្មីម្តងទៀតដើម្បីដណ្តើមមកុដទៅឆាកអន្តរជាតិ បំពេញក្តីស្រមៃធំរបស់ខ្លួន ដោយពេលនេះនាងកំពុងពង្រឹងចំណេះដឹង និងទេពកោសល្យឱ្យខ្លាំងក្លាជាងនេះសិន មុននឹងដាក់ពាក្យចូលរួមប្រកួត ៕


