ឯកឧត្តម យូន ហ៊ូឌុក សមាជិករដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ស្នើសុំកម្ពុជាជួយសម្រួលដល់ធុរកិច្ចរបស់ក្រុមហ៊ុនកូរ៉េជាង ២០០ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ព្រមទាំងសន្យាជំរុញលំហូរវិនិយោគិន និងទេសចរកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើន។ ការស្នើនេះ ក្នុងជំនួបជាមួយ ឯកឧត្តម ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
តាមរយៈជំនួនេះ ឯកឧត្តម ជាម យៀប បានស្នើឱ្យកូរ៉េជួយពន្លឿនគម្រោង “ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ” ដែលជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ និងស្នើឱ្យកូរ៉េបង្កើនការទទួលពលករ និងផ្តល់អាហារូបករណ៍ផ្នែកជំនាញបច្ចេកទេសដល់និស្សិតកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
ឯកឧត្តម យ៉ូន ហូដុក បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសន្យាជំរុញឱ្យរដ្ឋាភិបាលកូរ៉េការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាឱ្យបានពេញលេញ។

នៅថ្ងៃដដែលសមាជិករដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក៏បានជួបជាមួយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-សាធារណរដ្ឋកូរ៉េផងដែរ។
ឯកឧត្តម យ៉ូន ហូដុក បានលើកឡើងថា មុនពេលជំងឺកូវីដ-១៩ មានភ្ញៀវទេសចរកូរ៉េប្រមាណ ៣០ម៉ឺននាក់ មកទស្សនាកម្ពុជារៀងរាល់ឆ្នាំប៉ុន្តែចំនួននេះបានធ្លាក់ចុះប្រហែលពាក់កណ្តាលទោះបីជាស្ថានភាពវិលមករកប្រក្រតីភាពវិញក្តី។ តែយ៉ាងណា ភាគីកូរ៉េសង្ឃឹមថា ចំនួនទេសចរនឹងអាចកើនឡើងវិញតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើនរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការទូតសភា ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរក៏បានកត់សម្គាល់ផងដែរថា ប្រទេសទាំងពីរនឹងអបអរសាទរខួប៣០ឆ្នាំនៃការស្តារទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ២០២៧ ដែលជាឱកាសសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ។ ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មទាំងនេះ តាមរយៈវិធានការផ្នែកច្បាប់ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងសាធារណរដ្ឋកូរ៉េ។
គណៈប្រតិភូរដ្ឋសភាកូរ៉េបានសម្ដែងការកោតសរសើរចំពោះវិធានការយ៉ាងឆាប់រហ័សរបស់អាជ្ញាធរកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលបានរួមចំណែកធ្វើឱ្យស្ថានភាពនេះមានភាពប្រសើរឡើងយ៉ាងខ្លាំង៕

