កៀករដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរហើយ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានចេញបទចម្រៀងថ្មីៗជាច្រើនដើម្បីចែកជូនពុកម៉ែបងប្អូនរាំលេងកម្សាន្ត ជាក់ស្តែបទចម្រៀង « ប្តីខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលទើបនិងចេញនេះកំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គមដោយគ្រាន់តែចេញមិនទាន់បានមួយថ្ងៃផងមានអ្នកចូលទស្សនារហូតដល់ទៅ 2M ទៅហើយ ។

គ្រាន់តែបើក្បាលមកក៏ចង់រាំលេងកម្សាន្តជុំញាតិមិត្តដែរ MV ចម្រៀងដែលមានចំណងជើងថា«ប្តីខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានចេញនៅថ្ងៃ អាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ នេះពិតជាទាក់អារម្មណ៍ទស្សនិកជនខ្លាំងណាស់ បទចម្រៀងនេះមិនត្រឹមតែមានលក្ខណៈជាខ្មែរនោះទេ សូម្បីតតែការតុបតែងខ្លួន ការស្លៀកពាក់ និងទិដ្ឋភាពទាំងមូល សុទ្ធសឹងតែជាខ្មែរមួយរយភាគរយ ដែលធ្វើឱ្យបទចម្រៀងនេះកាន់តែផ្ទុះការចាប់អារម្មណ៍ ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ MV ចម្រៀង « ប្តីខ្មែរ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញមិនទាន់បានមួយថ្ងៃផង មានអ្នកចូលទស្សនារហូតដល់ទៅ២លាននាក់ទៅហើយ ដែលជាចំនួនមួយនឹកស្មានមិនដល់ ។
ជាមួយគ្នានេះផងដែរកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហាញនូវអារម្មណ៍រីករាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « បទ ប្តីខ្មែរ រយៈពេល១៩ម៉ោង 2M ពិតជារំភើបខ្លាំងណាស់ អរគុណបងប្អូនពូមីង ដែលបានគាំទ្រខ្ញុំ ។ អរគុណក្រុមការងារដែលបានសហការគ្នាយ៉ាងល្អធ្វើបទនេះ ទទួលបានជោគជ័យ ចូលឆ្នាំនេះដឹងតែពេញលេងហើយធីមប្តីខ្មែរគ្នាយើង » ។
គួរបញ្ជាក់ផងដែរថា បទចម្រៀង « ប្តីខ្មែរ » និពន្ធ Melody និងទំនុកច្រៀងដោយឯកឧត្តម សយ សិរីវុឌ្ឍនិងនិពន្ធបទភ្លេងដោយ ភ័ណ្ឌ Galaxy និងភ្លេងខ្មែរដោយ ថន រីដា ។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅមានបទចម្រៀងថ្មីៗជាច្រើនទៀតដើម្បីចែកជូនបងប្អូនទស្សនា និងរាំលេងកម្សាន្តជុំគ្រួសារ មិត្តភក្តិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ៕




