នគរបាលចរាចរណ៍ផ្លូវគោក ចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមរយៈការពិនិត្យជាតិស្រវឹងនាពេលរាត្រី ទូទាំង១៤ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាការចាប់អនុវត្តពេញលេញ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦តទៅ ។ នេះបើតាមការឱ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ នាពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានឱ្យដឹងថា មន្ត្រីនរគបាលបាននិងកំពុងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ តាមសាលារៀន និងគ្រឹះស្ថានសិក្សាទាំងអស់ គិតចាប់តាំងពីថ្នាក់បឋមរហូតដល់ថ្នាក់សកលវិទ្យាល័យ រួមទាំងបណ្តាក្រុមហ៊ុនដឹកជញ្ជូនផងដែរ។
ទន្ទឹមនឹងការចុះអប់រំផ្សព្វផ្សាយអំពីផ្នែកច្បាប់ហើយនោះ កម្លាំងនគរបាលចរាចរណ៍ ក៏តែងបានចុះជាប់លាប់ជាប្រចាំថ្ងៃនៅតាមដងផ្លូវនានា ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កាត់បន្ថយបានពីការកកស្ទះ ខណៈបច្ចុប្បន្នកំណើនមនុស្ស និងយានយន្តក៏កំពុងមានការកើនឡើង ស្របពេលប្រទេសជាតិកំពុងឋិតក្នុងការអភិវឌ្ឍន៍។
គួរបញ្ជាក់ថា មួយសប្តាហ៍ដំបូងក្នុងខែមីនា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី៤ មាន៤ករណី របួស៦នាក់ ថ្ងៃទី៥ មាន៦ករណី ស្លាប់៥នាក់ របួស១៥នាក់ ថ្ងៃទី៦ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់ និងថ្ងៃទី៧ មាន៥ករណី ស្លាប់៤នាក់ របួស៤នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។
គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់។ នេះបើតាមរបាយការណ៍ដដែល៕

