ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។
ឯកឧត្តមបានបញ្ជាក់ថា ការនាំចូលធាតុចូលកសិកម្មមិនមែនជាការខាតបង់នោះទេ ជាពិសេសការនាំចូលនូវអ្វីដែលយើងនៅមិនទាន់មានសមត្ថភាពផលិតបាននៅឡើយ ដូចជាជីថ្នាំគីមីជាដើម។ ផ្ទុយទៅវិញ វាគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិយ៉ាងធំធេង។
បើតាមអ្នកនាំពាក្យដដែល ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផលរហូតដល់ទៅ ៥៦២៤ លានដុល្លារ ផងដែរ។
ជាមួយគ្នានេះ ក្រសួងកសិកម្មបានបង្ហាញរូបភាព ដែលជួយពន្យល់ពីភាពចាំបាច់ដែលកម្ពុជាត្រូវការនាំចូលធាតុចូលកសិកម្ម ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងការពារដំណាំពីសត្វល្អិតចង្រៃឬជំងឺផ្សេងៗ បន្ថែមពីលើអ្វីដែលយើងមានសមត្ថភាពផលិតបាននៅក្នុងស្រុកដោយខ្លួនឯង។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មពេញមួយឆ្នាំ២០២៥ កម្ពុជាបានចំណាយលុយប្រមាណ ៦៣៦លានដុល្លារដើម្បីនាំចូលថ្នាំ និងជីកសិកម្មពីបរទេស ជាពិសេសពីប្រទេសជិតខាង។ ក្នុងនោះ មានដល់ ៤១៩លានដុល្លារ គឺចំណាយលើការនាំចូលជីកសិកម្ម។ ប្រភពជីនិងថ្នាំកសិកម្មដែលកម្ពុជានាំចូលភាគច្រើន មកពី វៀតណាម ថៃ កូរ៉េ ជប៉ុន និងចិន ជាដើម៕


