ជិតរួចហើយ! ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ពង្រីកធំជាងមុនចាយលុយជាង ១០០លានដុល្លារ កំពុងសម្រុកការដ្ឋានយ៉ាងខ្លាំង

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នការដ្ឋានកំពុងសម្រុកយ៉ាងខ្លាំង។

គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម៨៩,៨៨%ហើយ។

ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការគ្រោងទុក។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១២ ខែមីនា។

ខណៈដែលការដ្ឋានកំពុងមមាញឹក ឯកឧត្តមក៏អំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

សូមជម្រាបថា​ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។

ផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់ឡើងវិញនៅថ្ងៃទី៩មករា ឆ្នាំ២០២៣ហើយ គ្រោងបញ្ចប់នៅឆ្នាំ២០២៦នេះ ក្រោមកម្ចីសម្បទានជាង១០០លានដុល្លាររបស់រដ្ឋាភិបាលប្រទេសចិន។កំណាត់ផ្លូវជាតិលេខ៧ ត្រូវពង្រីកពី២គន្លងទៅ៤គន្លងដោយមានសួនពុះទ្រូងផ្លូវប្រវែង១.៥ម៉ែត្រ ផងដែរ៕

5
Promotion