អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបំភ្លឺជុំវិញជនជាតិចិនម្នាក់លើកឡើងពីភាពស្មុគស្មាញរឿងឯកសារ ចូល-ចេញកម្ពុជា ខណៈមន្ត្រីបានរឹតបណ្តឹងលើជនបរទេសដែលមានបំណងចូលមកធ្វើសកម្មភាពខុសច្បាប់នៅកម្ពុជា។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ មានអ្នកទេសចរណ៍ជនជាតិចិនមួយរូបឈ្មោះ PENG ZHILEI ភេទប្រុស ធ្វើដំណើរតាមជើងហោះលេខ K6-669 (CAN-KTI) ចូលមកព្រះរាជាណា ចក្រកម្ពុជា ក្នុងគោលបំណងទេសចរណ៍ ក្រោយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅអាកាស យានដ្ឋានអន្តរជាតិតេជោ(តាខ្មៅ) បានធ្វើការសាកសួរនិងរកឃើញថា រូបគាត់មិនមានសំបុត្រយន្តហោះ សម្រាប់ការត្រលប់ទៅវិញទេ (Return Ticket) គឺមានតែសំបុត្រយន្តហោះចូលមកព្រះរាជាណាចក្រកម្ពុជា (One way ticket) ហេតុនេះមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានណែនាំតម្រូវឲ្យសាមីខ្លួន ត្រូវទិញសំបុត្រយន្តហោះសម្រាប់ត្រលប់ទៅវិញទើបអនុញ្ញាតឲ្យចូលកម្ពុជា ។
ក្រោយពីសាមីខ្លួនបានទិញសំបុត្រយន្តហោះសម្រាប់ការត្រលប់ទៅវិញរួចរាល់ គាត់ក៏ត្រូវបានអនុញ្ញាតឲ្យចូលមកព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានោះរូបគាត់បានថតផ្សាយតាមបណ្ដាញសង្គម tik tok ផ្ទាល់ខ្លួន ដោយបានលើកឡើង ថា “កុំមកកម្ពុជា ៗៗៗ . មានការស្មុគស្មាញ ក្នុងការរៀបឯកសារ….ដោយប្រើពេលវេលា៣-៤ម៉ោង… ទើបគាត់បានចេញពីអាកាសយានដ្ឋានបាន។
នៅចុងវីដេអូរបស់បុរសជនជាតិចិននោះ គាត់ក៏បានបញ្ជាក់ដែរ អំពីតម្រូវការឯកសារដែលកម្ពុជា បានកំណត់ បើអ្នកមកជាលក្ខណៈទេសចរណ៍តម្រូវមានឯកសារអ្វីខ្លះ មកជាលក្ខណៈការងារត្រូវត្រៀម ឯកសារអ្វីខ្លះ ។ បុរសជនជាតិចិននោះក៏បានណែនាំដល់ជនជាតិចិនផ្សេងទៀតដែលមានបំណងមក ប្រទេសកម្ពុជា ត្រូវរៀបចំឯកសារឲ្យបានត្រឹមត្រូវ លក្ខណៈទេសចរណ៍ ឬមកធ្វើការងារ ។
តាមខ្លឹមសារនៃសារដែរបុរសជនជាតិចិនបានបង្ហោះខាងលើគឺគាត់ទទួលស្គាល់ថា ការរឹតបន្តឹង នឹងការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺសមស្រប សម្រាប់ការចូល-ចេញកម្ពុជា នឹងទប់ស្កាត់ការហូរចូលជនបរទេសដែលមានបំណងចូល មកធ្វើសកម្មភាពណាមួយដោយខុសច្បាប់ ៕

