ទិវាសង្គមកិច្ច ១៩មីនា៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីផែនការបង្កើនចំនួនកម្លាំងសេវាសង្គម និងរៀបចំវិជ្ជាជីវៈសង្គមកិច្ច

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ទិវាជាតិសង្គមកិច្ចត្រូវប្រារព្ធរៀងរាល់ឆ្នាំ នៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់ជនរងគ្រោះនិងជនងាយរងគ្រោះ សំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើ សិទ្ធិមនុស្ស ។

ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ
«រួមគ្នាកសាងក្តីសង្ឃឹមនិងភាពសុខដុមរមនា» ដែលផ្តោតសំខាន់លើតួនាទីរបស់កម្លាំងសេវាសង្គមក្នុងការផ្តល់ ការគាំទ្រនូវតម្រូវការជាមូលដ្ឋាននិងអារម្មណ៍សុខសុវត្ថិភាព តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញ អំពីតួនាទីរបស់កម្លាំងសេវាសង្គមដែលមានគុណតម្លៃនិងក្រមសីលធម៌ ចំណេះដឹងនិងជំនាញក្នុងការផ្តល់សេវា ជូនជនរងគ្រោះនិងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព និងបរិយាបន្ន។

ក្នុងសារលិខិត សម្តេចធិបតីបានលើកឡើងថា ក្នុងការអភិវឌ្ឍនិងការលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យសង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា រួមមានច្បាប់ស្ដីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ គោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ២០២៤ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានា របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

យោងតាមការសិក្សាពិនិត្យឡើងវិញលើកម្លាំងសេវាសង្គមនៅបណ្តាប្រទេសមួយចំនួន រួមទាំងកម្ពុជាផងដែរ ដែលធ្វើឡើងដោយសម្ព័ន្ធកម្លាំងសេវាសង្គមសកលនិងអង្គការយូនីសេហ្វ នៅឆ្នាំ២០១៩ បានបង្ហាញ ឱ្យឃើញថា នៅកម្ពុជាមានសេចក្តីត្រូវការក្នុងការបង្កើនការវិភាជធនធានរបស់រដ្ឋាភិបាល សម្រាប់កម្លាំងសេវាសង្គម ការបង្កើតផែនការយុទ្ធសាស្ត្រជាតិដែលផ្តល់អាទិភាពលើការអនុម័តបទដ្ឋានវិជ្ជាជីវៈ សង្គមកិច្ច ការរៀបចំក្របខ័ណ្ឌច្បាប់ដែលកំណត់អំពីតួនាទី ការទទួលខុសត្រូវ ក្របខ័ណ្ឌគណនេយ្យភាពរួម ការពង្រឹង និងការរៀបចំការបណ្តុះបណ្តាល មុនពេលនិងក្នុងពេលចូលបម្រើការងារដែលមានការបញ្ជាក់និងការទទួលស្គាល់
កម្លាំងសេវាសង្គម។ បន្ថែមលើនេះ ចំនួនអ្នកអាជីពសង្គមកិច្ចនិងអ្នកអាជីពសង្គមកិច្ចរងនៅមានកម្រិតទាប ដែល ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋជាមធ្យម ២៥ ០០០នាក់ក្នុង១ក្រុង ស្រុក ខណ្ឌ។

សម្តេចបវរធិបតី បានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល នឹងពង្រឹងកម្លាំងសេវាសង្គមដោយរៀបចំធ្វើវិជ្ជាជីវៈនីយកម្មជាលក្ខណៈជាតិ និងមានបទដ្ឋានរួមសម្រាប់វិជ្ជាជីវៈសង្គមកិច្ច បង្កើនចំនួនកម្លាំងសេវាសង្គម សមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន ដែលកម្លាំងសវាសង្គមម្នាក់ សម្រាប់ប្រជាជន ៣ ៥០០នាក់។

ដើម្បីរួមចំណែកលើកកម្ពស់ការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែប្រសើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវ៖ ១-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនការយកចិត្តទុកដាក់តាមគ្រប់មធ្យោបាយ ដើម្បីលើកកម្ពស់គុណតម្លៃរបស់កម្លាំងសេវាសង្គមនិងសមិទ្ធផលការងារ។ ២-គ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ឯកជន និងបណ្ដាញសារព័ត៌មានផ្សេងទៀត សូមជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវស្នាដៃនិងសមិទ្ធផលនានា ដែលបង្ហាញអំពីការយកចិត្តទុកដាក់និងលើកកម្ពស់ការផ្តល់ សេវាក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ជាពិសេសជូនជនរងគ្រោះនិងជនងាយរងគ្រោះ។ និង៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ លើកទឹកចិត្ត និងគាំទ្រតាមគ្រប់មធ្យោបាយ ក្នុងការចូលរួមជំរុញនិងបង្កើនការផ្តល់សេវាសង្គមនៅក្នុងសហគមន៍ឱ្យបានកាន់តែល្អប្រសើរថែមទៀត៕

5
Promotion