ប្រវត្តិ«វិទ្យាស្ថានជាតិអប់រំ»​ដែល​មាន​​អាយុ​​១១១ឆ្នាំ នៅកម្ពុជា

វិទ្យាស្ថានជាតិអប់រំ គឺជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដែលមានអាយុកាល១១១ឆ្នាំ និងបានដើរតួនាទីជាប្រវត្តិ​សាស្ត្រ​ក្នុងការបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា។

ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំ គឺជាអង្គភាពមួយក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ការបណ្តុះបណ្តាលដំបូង និងការបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន កម្រិតមធ្យមសិក្សា និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន អ្នកដឹកនាំសាលារៀន អធិការអប់រំ និងមន្ត្រីអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។វិទ្យាស្ថាននេះធា្លបត្រូវ បានផ្លាស់ប្តូរឈ្មោះ និងភារកិច្ចជាបន្តបន្ទាប់ទៅតាមការវិវត្តនៃដំណាក់កាលសង្គម និងនយោបាយរបស់កម្ពុជា។

នៅឆ្នាំ១៩១៤ វិទ្យាស្ថានជាតិអប់រំ ត្រូវបានបង្កើតឡើងដំបូង ដែលមានឈ្មោះដើមថា «សាលាបឋមសិក្សាហ្វ្រង់ស្វាប៊ូដ៏វាំង» (L’école Français Baudoin) ដែលមានភារកិច្ច បណ្តុះបណ្តាលសិស្សបឋមសិក្សា។ នៅឆ្នាំ១៩២២ បានប្រែក្លាយទៅជាផ្នែកមួយនៃសាលាគរុវិជ្ជា ដែលជាឧបសម្ព័ន្ធនៃ អនុវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបណ្តុះបណ្តាលគ្រូបឋមសិក្សា ។ នៅឆ្នាំ១៩៤៣ បានប្រែក្លាយទៅជា សាលាគរុវិជ្ជាភ្នំពេញ ដើម្បីបណ្តុះបណ្តាលគ្រូ អនុវិទ្យាល័យ។

លុះដល់ឆ្នាំ១៩៥៨ បានប្រែក្លាយទៅជា សាលាវិជ្ជាជាតិខាងគរុកោសល្យ ហើយនៅឆ្នាំ១៩៦០ បានប្រែក្លាយទៅជា វិទ្យាស្ថានជាតិគរុកោសល្យ ដែលជាឧបសម្ព័ន្ធមួយ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅឆ្នាំ១៩៦៥ បានប្រែក្លាយទៅជា មហាវិទ្យាល័យគរុកោសល្យ ដែលស្ថិតក្នុងចំណោម មហាវិទ្យាល័យ ៥ផ្សេងទៀត ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់សាកលវិទ្យាល័យ ខេមរភូមិន្ទ។

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ពោលគឺពេលដែលក្រុមខ្មែរក្រហម ចូលគ្រប់គ្រងប្រទេសកម្ពុជា មហាវិទ្យាល័យគរុកោសល្យ ត្រូវបានបិទទ្វារដូចគ្រឹះស្ថាន អប់រំដទៃទៀត នៅទូទាំងប្រទេស។ នៅក្នុងរយៈកាលនោះ អគារទាំងអស់ក៏ ដូចជាបរិវេណវិទ្យាស្ថានទាំងមូលត្រូវបានក្លាយជាឃ្លាំងសម្រាប់រក្សាទុកគ្រឿងម៉ាស៊ីន ចាស់ៗ និងសម្ភារៈផ្សេងទៀត។

ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ វិទ្យាស្ថានត្រូវបានបើកទ្វារឡើងវិញ ស្ថិតនៅក្រោមការ គ្រប់គ្រងផ្ទាល់របស់ក្រសួងអប់រំ និងជាកន្លែងធ្វើវិក្រឹតការគ្រូបង្រៀន បំប៉នវគ្គនយោបាយ និងបច្ចេកទេសដល់កម្មាភិបាល និងបុគ្គលិក។

នៅឆ្នាំ១៩៨០ បានប្រែក្លាយទៅជា សាលាគរុកោសល្យ និងវិក្រឹតការមជ្ឈិម ដែលមាន ភារកិច្ចបណ្តុះបណ្តាល និងវិក្រឹត្យការជំនាញខាងគ្រប់គ្រងការអប់រំ និងជំនាញ គរុកោសល្យដល់កម្មាភិបាលទទួលបន្ទុកមន្ទីរអប់រំខេត្ត-ក្រុង នាយក-នាយករង និងគ្រូ បង្រៀន។

នៅឆ្នាំ១៩៨៦ បានប្រែក្លាយទៅជា សាលាជាន់ខ្ពស់កម្មាភិបាលគ្រប់គ្រងអប់រំ ដែលមាន ភារកិច្ច៖ ១). ការបណ្តុះបណ្តាលវិក្រឹតការកម្មាភិបាលគ្រប់គ្រងអប់រំ ចាប់ពីនាយក សាលាកម្រិតសិក្សាទី២ និងការិយាល័យអប់រំស្រុកឡើងទៅ ២). ការបំប៉នគ្រប់មុខ ជំនាញបម្រើឱ្យវិស័យអប់រំ និង ៣).ការស្រាវជ្រាវវិទ្យាសាស្ត្រគ្រប់គ្រងអប់រំ។

នៅឆ្នាំ១៩៩២ បានប្រែក្លាយទៅជា មហាវិទ្យាល័យគរុកោសល្យ និងមានតួនាទីបណ្តុះ បណ្តាលនិស្សិតដែលបានបញ្ចប់បរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីក្លាយ ទៅជាគ្រូបង្រៀននៅតាមសាលារៀនមធ្យមសិក្សា។ នៅក្នុងឆ្នាំសិក្សា១៩៩៥-១៩៩៦មហាវិទ្យាល័យគរុកោសល្យ បានចាប់ផ្តើមបំពេញតួនាទី និងមុខងាររបស់ខ្លួនក្នុងការ បណ្តុះបណ្តាលគ្រូបង្រៀនជាលើកដំបូង សម្រាប់វិទ្យាល័យទូទាំងប្រទេស ក្រោមរូបមន្ត បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ+១ បណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំង-ខ្មែរ សម្រាប់ អនុវិទ្យាល័យ តាមរូបមន្ត ១២+២ និងបណ្តុះបណ្តាលអធិការកិច្ចអប់រំគ្រប់កម្រិត។

នៅឆ្នាំ២០០៤ បានប្រែក្លាយទៅជា វិទ្យាស្ថានជាតិអប់រំ ដែលមានឋានៈស្មើ អគ្គនាយកដ្ឋាន និងមានបេសកកម្មបណ្តុះបណ្តាលជាច្រើនកម្មវិធី រួមមាន៖ ១).បណ្តុះបណ្តាល គ្រូបង្រៀនកម្រិតឧត្តមតាមរូបមន្ត(បរិញ្ញាបត្រ+១ និងបរិញ្ញាបត្រ+២) ២).បណ្តុះ បណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំងតាមរូបមន្ត (១២+២) ៣).បណ្តុះ បណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំ ៤). បណ្តុះបណ្តាលថ្នាក់បណ្ឌិត គ្រប់គ្រងអប់រំ និងបណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ៥).បណ្តុះ បណ្តាលអធិការកិច្ចអប់រំ ៦).បណ្តុះបណ្តាលវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយ ភូមិ ៧).បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រឹក្សាគរុកោសល្យ និង ៨). បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិធីសាស្ត្របង្រៀនភាសាបារាំង។

នៅឆ្នាំ២០២២ វិទ្យាស្ថានជាតិអប់រំបានប្រែក្លាយទៅជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញចែកចេញជាបួនអង្គភាព (ឋានៈស្មើនាយកដ្ឋាន) រួមមាន៖ មហាវិទ្យាល័យ គរុកោសល្យ សាលាក្រោយបរិញ្ញាបត្រ មជ្ឈមណ្ឌលស្រាវជ្រាវអប់រំ និងនវានុវត្តន៍ និង អង្គភាពកិច្ចការទូទៅ និងចែកចេញជា ១៤ ការិយាល័​យ​/ដេប៉ាតឺម៉ង់៕