ក្រុមហ៊ុនរថយន្តអគ្គិសនី BYD មកពីប្រទេសចិន បានបើកការដ្ឋានសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ រោងចក្រដំឡើងរថយន្តអគ្គិសនី BYDនេះ មានទីតាំងរោងចក្រស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ។

ក្នុងពិធីបើកការដ្ឋាន ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុន BYD Cambodia នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ផ្សព្វផ្សាយ និងទាក់ទាញក្រុមហ៊ុនធំៗ របស់ប្រទេសចិន និងបណ្ដាប្រទេសដទៃទៀត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុលក៏បានអំពាវនាវឱ្យ ក្រុមហ៊ុន BYD ពិចារណាទាក់ទាញរោងចក្រ ដែលជាខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន មកវិនិយោគនៅកម្ពុជាបន្ថែមទៀត និងស្នើសុំឱ្យក្រុមហ៊ុន BYD Cambodia ជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្មីៗ ក្នុងវិស័យយានយន្តអគ្គិសនី ដល់កម្មករនិយោជិតរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងបំពាក់បំប៉នជំនាញបច្ចេកទេសរថយន្ត ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន BYD នឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ដែលរោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ ទៅតាមដំណាក់កាល ហើយសាងសង់លើផ្ទៃដីប្រមាណ ១២ហិកតា មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើរការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅ កម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕
