សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧទ្ទិសសូមឱ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ 

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយបាន​អញ្ជើញចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតក្នុងវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) នាព្រឹកនេះ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បាននាំយក នូវគ្រឿងសក្ការៈបូជា ​មានទៀន ធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ  ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ  និងបាន​នាំយកនូវចតុបច្ច័យ ទេយ្យទាន គ្រឿង​ឧបភោគ បរិភោគ  ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវមហាកុសលផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃបុព្វការីជនទាំងឡាយ  ជាពិសេសជូនដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែដឹកនាំក្រុមគ្រួសារ និងមន្ត្រីរាជការមកប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន ។ នៅក្នុងឱកាសដ៏មហោឡារិកនេះ សម្តេចទាំងទ្វេបានឧទ្ទិសសុំឱ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ សូមឱ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ  គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤រោច ដែលមាន រយៈពេល១៤ថ្ងៃ ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌ១៤ និងនៅថ្ងៃ១៥រោច គឺជាថ្ងៃ «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី៨ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែកញ្ញា និងថ្ងៃភ្ជុំបិណ្ឌធំនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕