កម្ពុជា គ្រោងរៀបចំ«នគរសង្ក្រាន្ត»ឆ្នាំ២០២៦​ នៅភ្នំពេញ ដោយផ្សារភ្ជាប់​ជាមួយ​ជនភៀសសឹក និងវីរ​កងទ័ពជួរមុខ

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គ្រោងនឹងរៀបចំធ្វើ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំទូលាយ និងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។

ក្នុងបទបង្ហាញក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា គម្រោងព្រឹត្តិការណ៍«នគរសង្ក្រាន្ត» នេះ ធ្វើឡើងដើម្បីជាការថែរក្សាការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា គឺជាផ្នែកមួយ នៃខឿនការពារជាតិ ការចូលរួមជំរុញចរន្តសេដ្ឋកិច្ច គឺជាផ្នែកមួយ នៃខឿនការជារជាតិ ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Home Coming” ហើយក៏ជាការបង្ហាញសាមគ្គីភាព ឯកភាព និងភាពធន់ ការផ្សារភ្ជាប់ជាមួយជនភៀសសឹក និងវីរកងទ័ព។

ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងព្រឹត្តការណ៍ «នគរសង្រ្កាន្ត» ក៏មានការរៀបចំពិធីសាសនាឧទ្ទិសដល់វីរយុទ្ធជនពលី និងជនរងគ្រោះ និងបួងសួងសុំសេចក្តីសុខជូនដល់ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងដែរថា ពិតណាស់ពិធីបុណ្យចូលឆ្នាំថ្មីជាឱកាសសប្បាយរីកររាយជាលក្ខណៈមហាគ្រួសារខ្មែរ ប៉ុន្តែវាក៏ជាឱកាស​ដែលអាចអនុញ្ញាតឲ្យយើងរួមគ្នាជាគ្រួសារខ្មែរគ្រប់ទិសទី បង្ហាញសាមគ្គីភាព ក៏ដូចជាការរួមគ្នារំលឹកពីវីរភាព និងការលះបង់របស់វីរយុទ្ធជននាពេលកន្លងមក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «គម្រោងរៀបចំព្រឹត្តការណ៍ នគរសង្ក្រាន្ត គឺគណៈកម្មការរៀបចំបានគិតគូរច្បាស់លាស់ណាស់ អ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើក្នុងពេលប្រតិបត្តិនៃការសប្បាយយើងមិនភ្លេចវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញនោះឡើយ តែជាការពង្រឹងស្មារតីជាតិ ពង្រឹងអត្តសញ្ញាណជាតិ ហើយផ្សព្វផ្សាយទៅក្រៅប្រទេសបានកាន់តែច្រើននូវអ្វីទៅដែលជាខ្មែរ។ នៅពេលយើងជួបប្រទះបញ្ហាប្រឈម គឺរួមកម្លាំងគ្នា ស្មាគៀកស្មា ខិតខំប្រឹងប្រែងក្រោកឈរដើរទៅមុខ នៅគ្រប់ផ្នែកទាំងអស់ ក្នុងនោះគឺផ្នែកសេដ្ឋកិច្ច»។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ «នគរសង្រ្កាន្ត» គ្រោងធ្វើឡើងរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងធំៗមួយចំនួនរួមមាន៖ រមណីយដ្ឋានវត្តភ្នំ ផ្លូវស្មើជើងចតុមុខ សួនច្បារ Vattanac Capital Lifestyle មកដល់ផ្សាររាត្រី និងទីតាំងផ្សេងៗមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន សមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា ពិសេសព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ៕

5
Promotion