ដើម្បីគ្រប់គ្រងគុណភាពខ្យល់ និងដើម្បីធានាឱ្យគុណភាពខ្យល់នៅកម្ពុជា នារដូវប្រាំងនេះ ឱ្យនៅតែរក្សាគុណភាពល្អ ក្រសួងបរិស្ថាន ស្នើសុំការចូលរួម ធ្វើការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ រួមមានការពារនិងទប់ស្កាត់ ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានដីព្រៃ ការដុតគល់ជញ្រ្ជាំងស្រូវ ការដុតសំរាម សំណល់រឹង សំណល់ប្លាស្ទិកនៅទីចំហ ការដុតកម្ទេចក្រណាត់ និងការឆេះសំណល់ទីលានចាក់សំណល់។
ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឲ្យ ចូលរួមទប់ស្កាត់និងកាត់បន្ថយការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្ត ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។
ក្រសួងបរិស្ថាន បានពន្យល់ថា មូលហេតុចម្បង ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងក្នុងរដូវប្រាំង បណ្តាលមកពីការដុតសំណល់កសិកម្ម, ដុតជញ្រ្ជាំងស្រូវ ដុតព្រៃ ដុតស្មៅ ដុតសំរាម សំណល់ប្លាស្ទិក នៅតាមទីចំហរ និង ឆេះដោយធម្មជាតិ។ ប្រភពនិងសកម្មភាពសំខាន់ៗ ផ្សេងទៀតរួមមាន ការបញ្ចេញផ្សែងពីយានយន្ត, ការបញ្ចេញផ្សែងរោងចក្រ, ការហុយចេញពីការដ្ឋានសំណង់ និងធូលីដីតាមផ្លូវការ។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា គិតចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានពិនិត្យឃើញថា កំហាប់ភាគល្អិតនិចល គិតជាមធ្យមស្មើនឹង ៣៣.៣៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។





