ដំណឹងល្អ! សិស្សដែលបានពិន្ទុខ្ពស់ជាងគេបំផុត ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ នឹងទទួល​បាន​រថយន្តអ​គ្គិសនី​មួយ​គ្រឿង​តម្លៃ​ជិត​​​១៦០០០ដុល្លារ

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD។

ជំនួបនេះផ្ដោតទៅលើការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនដល់សិស្សានុសិស្សដែលទទួលបាន កម្រិតពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស តែម្នាក់គត់ សម្រាប់សម័យប្រឡង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ខាងមុននេះ។

គួរបញ្ជាក់ផងដែរថា រថយន្ត Leapmotor T03 គឺជាប្រភេទរថយន្ត city car ទ្វារ-5 អគ្គិសនីសុទ្ធ100% ដែលអាចបើកបរបាន ៣១០Km សម្រាប់ការសាកថាមពលមួយពេញ និងមានលក្ខណៈពិសេសទំនើបដ៏សំបូរបែបជាច្រើនដែលមានតម្លៃ $១៥ ៩៩០។

គោលបំណងនៃការផ្ដល់ជូនរថយន្តអគ្គិសនី Leapmotor TO3 នេះគឺដើម្បី (១) ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្រប​តាមការ​លើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនីដើម្បីចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស (២) លើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែង រៀនសូត្រដើម្បីទទួលបាននូវលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ។

តបនឹងការលើកឡើងខាងលើ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានសម្តែងការកោតសរសើរ និងថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះរបស់ក្រុមហ៊ុន TF MOTORS (CAMBODIA) Co.,LTD ដែលបានចូលរួមចំណែកក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងជំរុញឱ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់រថយន្ដអគ្គិសនីដើម្បីចូលរួមថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាសដែលស្របតាមការលើកទឹកចិត្តរបស់រដ្ឋាភិបាលនីតិកាលទី៧នេះ៕