កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា

លោក Mark Carney នាយករដ្ឋមន្ត្រី​កាណាដា កាល​ពី​ថ្ងៃ​ទី៣០​ខែ​កក្កដា​ឆ្នាំ​ បានប្រកាស​ថា កាណាដា កំពុងរៀបចំទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន​នា​ខែ​កញ្ញា​ខាង​មុខ ស្របតាមវិធានការការទូតស្រដៀងគ្នា ដែលធ្វើឡើងដោយប្រទេសបារាំង និងចក្រភពអង់គ្លេស។

លោក Carney បាននិយាយ​ថា កាណាដាបានប្តេជ្ញាចិត្តជាយូរមកហើយចំពោះដំណោះស្រាយរដ្ឋពីរ ដែលជារដ្ឋប៉ាឡេស្ទីនឯករាជ្យ ឋិតថេរ និងអធិបតេយ្យភាព ដែលរស់នៅក្បែររដ្ឋអ៊ីស្រាអែល ក្នុងសន្តិភាព និងសន្តិសុខ។

លោកបាន​បន្ថែម​ថា កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី​៨០។ យើង​មាន​បំណង​ធ្វើ​ដូច្នេះ ដោយសារ​តែ​អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ប្តេជ្ញា​ដឹកនាំ​កំណែទម្រង់​ចាំបាច់​ជា​ច្រើន។

លោក Carney បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រធានាធិបតី​ប៉ាឡេស្ទីន លោក Mahmoud Abbas បានធានា​ថា រដ្ឋបាលរបស់គាត់នឹងរៀបចំការបោះឆ្នោតដែលពន្យារពេល​ជា​យូរ​ណាស់​មក​ហើយ​នៅឆ្នាំ​២០២៦ ហើយ​​ក្រុមសកម្ម​ប្រយុទ្ធ​ហាម៉ាសនឹង​មិន​មាន​វត្តមាន​​នោះ​ឡើយ»។

ការសម្រេចរបស់មេដឹកនាំកាណាដា ​គឺ​​ជា​ជំហាន​ដ៏​សំខាន់មួយនៅក្នុងគោលនយោបាយមជ្ឈិមបូព៌ាដ៏យូរអង្វែង និងបន្ថែមសម្ពាធអន្តរជាតិដែលកំពុងកើនឡើងលើអ៊ីស្រាអែល ចំពេលមានសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។

ការទទួលស្គាល់របស់កាណាដា នឹងធ្វើតាមប្រទេសជាង ១៤០​ផ្សេងទៀតដែលទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋរួច​មក​ហើយ បើទោះបីជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួនមិនទាន់បានធ្វើតាមក៏ដោយ៕