ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយអ្នកសារ ព័ត៌មានដែលធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដើម្បីតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈ ដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។
ជំនួបសំណេះសំណាលនេះបានធ្វើឡើងនៅសាលមណ្ឌលណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មានជាច្រើនរូបទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា៖ «នៅពេលយើងកាន់ក្បាលមេក្រូនិយាយ គឺត្រូវតែឈរនៅលើមូលដ្ឋាននៃការពិត និងប្រភពច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យដែលកើតឡើងពីការនិយាយព័ត៌មានដែលអត់ទាន់ពិតផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ អាហ្នឹង គឺជាចំណុច មួយដែលយើងត្រូវធ្វើ»។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំបន្ថែមដល់អ្នកសារព័ត៌មាន ចូលរួមទប់ស្កាត់ការចែកចាយរូបភាពហិង្សា និងរូបភាពអាសអាភាស ព្រមទាំងវីដេអូដែលមានលក្ខណៈសាហាឃោរឃៅ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ជាដើម។ ត្រូវចងចាំថា ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវតាំងខ្លួនជាចៅក្រម តុលាការ ឬសមត្ថកិច្ចជាដាច់ខាត។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មី មិនត្រូវធ្វើបទសម្ភាសយកមកផ្សព្វផ្សាយសាធារណៈ ចំពោះជនណាដែលមានវិល្លាស ស្មារតី ស្រវឹងស្រាបាត់បង់ស្មារតីគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន និងជនណាដែលសង្ស័យលើប្រើប្រាស់គ្រឿងញៀន និងបានបញ្ជាក់ពីផល វិបាកមួយចំនួន ដែលចេញពីការផ្សព្វផ្សាយមិនបានផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ មិនមែនជា តុលាការ និងមិនមែនជាអ្នកមានអំណាចបញ្ជាឡើយ អ្នកសារព័ត៌មានជាអ្នកនាំពាក្យពីកន្លែងមួយទៅកន្លែងមួយ ប្រកបដោយប្រភពច្បាស់លាស់។
ឯកឧត្តម នេត្រ ភក្ត្រា ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះបងប្អូនមួយចំនួនដែលបានខិតខំបំពេញការងារដោយវិជ្ជាជីវៈ និងចូលរួមជួយ សង្គម។ ព្រមទាំងអំពាវនាវដល់ម្ចាស់ផលិតផលដែលផ្សព្វផ្សាយពាណិជ្ជកម្ម សូមលើកទឹកចិត្តចំពោះអ្នកដែលផលិតខ្លឹមសារល្អ ជួយសង្គម រិះគន់ដើម្បីស្ថាបនា និងទប់ស្កាត់ការផលិតខ្លឹមសារដែលមិនមានន័យ និងខ្វះក្រមសីលធម៌ ខ្វះការពិត និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ យើងទាំងអស់គ្នារួមគ្នាដើម្បីបង្កើនជំនឿទុកចិត្តលើអាជីពសារព័ត៌មាន៕





