មហាជនកំពុងផ្ទុះការវែកញែក ដោយអ្នកកខ្លះសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ខណៈមហាជនខ្លះទៀតថា កុំប្រកាន់ច្រើនពេកអី បន្ទាប់ពីបានឃើញវីដេអូសកម្មភាពក្រុមគ្រួសារដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម និងជាអ្នកសារព័ត៌មានអនឡាញផង បានធ្វើសកម្មភាពស្ទាបអង្អែល ស្រើបស្រាលលើរាងកាយកុមារ និងថតវីដេអូសើចសប្បាយហាក់បីដូចជាការលេងសើចទៅវិញ។
ទោះបីជាកុមាររូបនោះជាកូន ឬជាក្មួយក៏ដោយ ឬជាការលេងសើចក៏ដោយ ប៉ុន្តែមហាជនយ៉ាងច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះទង្វើមិនសមរម្យនេះ និងចាត់ទុកថា នេះជាទង្វើបៀតបៀនផ្លូវភេទលើកុមារ ជាបទល្មើសជាក់ស្តែង ទាំងស្រី ទាំងប្រុស ទាំងអ្នកថត ត្រូវផ្តន្ទាទោស។ ផ្ទុយទៅវិញ អ្នកលេងបណ្តាញសង្គមខ្លះទៀតបញ្ចេញមតិថា គ្រាន់តែលេងជាមួយក្មួយក៏ជាបទល្មើសដែរ ស្របពេលសាមីខ្លួនចេញបញ្ជាក់ថា «គាត់ក្មួយប្រុសខ្ញុំ មិនមែនក្មួយស្រីទេ ខ្ញុំគ្រាន់ប្រលែងជាមួយគាត់ធម្មតាទេខ្ញុំមិនបានដឹងថាម្តាយក្មេកគាត់ថតទេ»។
ឆ្លើយតបទៅនឹងអ្នកមួយចំនួនដែលគិតថាក្មួយគេសោះ ក្មេងប្រុសសោះ ហេតុអីលេងមិនបាន ? មានមតិខ្លះលើកឡើងថា៖ «ទង្វើរស្ទាបអង្អែលក្មេងកន្លែងចឹងៗ គឺវាខុស ខុសសីលធម៌ គេហៅថាជាទង្វើបៀតបៀនកុមារ ! មិនថាជាក្មេងប្រុស ក្មេងស្រី មិនថាត្រូវជាអ្វីនឹងគ្នា ការស្ទាបបបោសអង្អែលក្បាលដោះ រកលូកចូលខោ គឺជារឿងមិនគួរធ្វើលើកុមារដាច់ខាតជាពិសេសមនុស្សចាស់ជាមនុស្សប្រុស! មួយទៀតអ្នកឆ្ងល់ថា ចុះពេលលាងគូថកូនអីលាងម៉េច ?? សូមបែងចែកអោយដាច់មួយកាតាព្វកិច្ច ចិញ្ចឹមបីបាច់មើលថែ មួយជាការស្ទាបអង្អែលខុសទំនង ! កុំប្រើភាសារគេទើស គេតោងអត់ទេ ទង្វើរស្ទាបអង្អែលចឹង ប៉ះអាពួករោកចិត្តខ្លះបានឃើញវាបង្កើតអារម្មណ៏ឆ្គួតឡប់វា អាចនាំទុក្ខដល់ក្មេងខ្លះដែលអត់ដឹងអីទៀត! ឃើញហើយលឺហើយតាអី ឱពុករំលោភកូន ចាស់រំលោភក្មេង អាយុ2»3ឆ្នាំ? កុំគាំទ្រការពាររឿងខុស ! វីដេអូនេះ បើផុសស្រុកគេដឹងតាអ្នកផុសអាចមានបញ្ហាធំហ្មង យកក្មេងមកផុសចឹង!»។
មតិខ្លះទៀតលើកឡើងថា៖ «នៅខ្មែរគេគិតថានេះជាទង្វើធម្មតា តែការពិតមិនមែនចិងទេ រៀនសិក្សាស្វែងយល់បន្ថែមលើរឿងនេះ ការដែលលេងជាមួយកូន រឿងផ្សេង លាងគូទងូតទឹកឬប៉ះពាល់កូនបែបនេះវាជារឿងផ្សេងវាជាអ្វីដែលមនុស្សត្រូវធ្វើ តែការស្ទាប អង្អែលបែប រោលរាលវាជារឿងមួយផ្សេងទៀតដែលមិនពាក់ព័ន្ធដល់ការ មើលថែកូននោះទេ កុមារ មិនទាន់មានអាយុ និងស្មារតីគ្រប់គ្រាន់ ដើម្បីយល់ ឬយល់ព្រមលើរឿងផ្លូវភេទ មិនថា ប៉ះពាល់ សម្តី ការលេង ការថតរូប ឬការធ្វើអ្វីដែលធ្វើឲ្យកុមារមានអារម្មណ៍មិនសុវត្ថិភាព ទាំងអស់នេះ គឺជាការរំលោភបំពានវាមិនមែនជាការស្រលាញ់ ហើយក៏មិនមែនជាការលេងសើចដែល សង្គមគួរតែ ការពារកុមារ មិនមែន ធ្វើអោយរឿងនេះក្លាយជារឿង ធម្មតានោះទេ»។
សូមបញ្ជាក់ថា ការបៀតបៀនផ្លូវភេទមានទម្រង់ខុសគ្នា រួមមាន៖ ការបៀតបៀនផ្លូវភេទដោយប្រើអំណាច ពាក្យសម្ដី សំលេង និងការបៀតបៀនផ្លូវភេទដោយកាយវិការ ។ ចំពោះការបៀតបៀនផ្លូវភេទ ដោយការប្រើកាយវិការ គឺជាការប៉ះពាល់ដែលមិនមានការពេញចិត្តពីសាមីខ្លួន ដូចជា ការស្ទាបអង្អែលរាងកាយ ការបន្លំប៉ះដើមទ្រូង ឬ វាយគូទ (គិតថាជាការលេងសើច ប៉ុន្តែធ្វើឱ្យភាគីម្ខាងទៀតមិនសប្បាយចិត្ត) ការចាប់ថ្ពាល់ ឬ ថើប និងការឱបចង្កេះជាដើម។ ជនរំលោភបំពានកុមារ ជាអ្នកដែលនៅជិតកុមារ និងយុវជនបំផុត ដែលពេលខ្លះពួកគេមិនបានចាប់អារម្មណ៍។ អ្នកទាំងនោះអាចជាឪពុក ម្តាយ សាច់ញាតិ អ្នកជិតខាង មិត្តភក្តិ អ្នកស្គាល់គ្នាជាដើម៕

