បន្ទាប់ពីឃើញតារាសម្តែង សឿន ផាន់ផាភួង និងកូនស្រី អាង សុជាតា ហៅ ឈូឈូ បង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តឱ្យមហាជនបានដឹង ស្រាប់តែមានព័ត៌មានអ្នកទាំងពីរកំពុងមានបញ្ហារឿងលុយកាក់ និងមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។
ខណៈពេលដែលបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តនោះ កូនស្រីរបស់ សឿន ផាន់ផាភួង គឺកញ្ញា អាង សុជាតា ក៏បានបង្ហើរអារម្មណ៍មិនសប្បាយចិត្តផងដែរ ដូច្នេះហើយទើបធ្វើឱ្យមហាជនជាច្រើនគិតថាគ្រួសារ សឿន ផាន់ផាភួង កំពុងមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ។

ដើម្បីបញ្ចប់នូវរឿងរ៉ាវខាងលើតារាសម្តែង សឿន ផាន់ផាភួង បានបញ្ជាក់ច្បាស់ៗថា « ពួកខ្ញុំទាំងពីរមិនមានបញ្ហាផ្លូវចិត្តអ្វីទេ ហើយពួកយើងក៏មិនមានបញ្ហារឿងលុយកាក់អ្វីដែរ » ។
ក្រោយពីបញ្ជាក់ច្បាស់ៗបែបនេះ សឿន ផាន់ផាភួង កាន់តែមានអារម្មណ៍ធូចិត្ត និងសប្បាយចិត្តច្រើនជាងមុន ពីព្រោះនាងមិនចង់ឱ្យមានការយល់ច្រឡំមកលើខ្លួនឡើយ អ្វីដែលសំខាន់សម្រាប់នាងនៅក្នុងពេលនេះ គឺប្រឹងប្រែងធ្វើការ និងលក់ដូរ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។
សឿន ផាន់ផាភួង ជាតារាសម្តែងស្រីដ៏លេចធ្លោម្នាក់ ដែលបានតស៊ូចិញ្ចឹមកូនរហូតធំដឹងក្តី និងល្បីឈ្មោះក្នុងសិល្បៈដូចជារូបខ្លួនឯងដែរ ។ នាងថែមទាំងធ្លាប់បានប្រាប់ផងដែរថា នាងប្រឹងប្រែងរកលុយដើម្បីចិញ្ចឹមកូនឱ្យមានសព្វបែបយ៉ាងមិនឱ្យចាញ់គេទេ ។ ចំណែក អាង សុជាតា វិញ នៅពេលដែលមានឈ្មោះល្បីក្នុងសិល្បៈ លុយដែលនាងរកបាន នាងតែងតែទុកជាមួយម្តាយដោយមិនហ៊ានចាយវាយនោះទេ រហូតនាងសន្សំបានទិញរថយន្តផ្ទាល់ខ្លួននិងទ្រព្យសម្បត្តិមួយចំនួនទៀត ៕




