ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសជ័យលាភីការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមប្រចាំឆ្នាំ២០២៥ នៅក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ការប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តឆ្នើមនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើមក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ សម្រាប់ឆ្នាំ២០២៥កន្លងទៅនេះ ការិយាល័យប្រជាពលរដ្ឋខេត្តដែលមានស្នាដៃឆ្នើម ចំណាត់ថ្នាក់លេខ១៖ ខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ២៖ ខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ៣៖ ខេត្តកំពត។ ដោយឡែកសម្រាប់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើម ចំណាត់ថ្នាក់លេខ១៖ ខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ២៖ រាជធានីភ្នំពេញ និងចំណាត់ថ្នាក់លេខ៣៖ ខេត្តកណ្តាល។
សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៥ គឺជាឆ្នាំទី៤នៃការប្រឡងប្រណាំងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តដែលមានស្នាដៃឆ្នើម ដែលបានចាប់ផ្តើមការប្រឡងប្រណាំងតាំងពីឆ្នាំ២០២២មកម្ល៉េះ និងជាឆ្នាំដំបូងនៃការប្រឡងប្រណាំងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលមានស្នាដៃឆ្នើម៕







