សណ្ឋាគារផ្កាយ៤ និងរីសតមួយកន្លែងយកលំនាំតាមប្រាសាទភ្នំដា តម្លៃជិត ៥លានដុល្លារ ត្រៀមលេចរូបរាងក្នុងក្រុងដូនកែវ

សណ្ឋាគារផ្កាយ៤ និងរីសត “រីវើរគោកធ្លក” តម្លៃជិត ៥លានដុល្លារ ត្រៀមនឹងលេចរូបរាងឡើងនៅក្រុងដូនកែវក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ៍ ទី៣ ខែ កុម្ភៈនេះ ស្ដីពីការពិនិត្យ និងសម្រេចលើសំណើរសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារ និងរីសត «រីវើរគោកធ្លក» (River Kouk Thlok) ដែលជាគម្រោងទេសចរណ៍លំដាប់ផ្កាយ៤ ដ៏មានសក្ដានុពលបំផុតមួយ នៅត្រើយម្ខាងខាងលិចបឹងតាកែវ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងការគាំទ្រវត្តមាននៃសណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្ត “រីវើរគោកធ្លក” នេះ ដែលវានឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តតាកែវ ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងស្នាក់នៅកាន់តែច្រើនឡើង ដែលនឹងជួយបង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបានគូសបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី០៧ ខែកុម្ភៈ ខាងមុខដ៏ខ្លីនេះ គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋបាលខេត្តដូចជា ការកសាងប្រាសាទសិរិវិជ័យ បឹងតាកែវ ផ្លូវក្រវ៉ាត់បឹងតាកែវ វេទិកាអ៊ុទូក និងសណ្ធាគារផ្កាយ៤ នឹងត្រូវបានធ្វើពិធីក្រុងពាលីបើកការដ្ឋានជាផ្លូវការ ។

លោកស្រី នូវ គន្ធា ប្រធានក្រុមហ៊ុន វែលខម ស្ដាយ រីវើរ (ខេមបូឌា) បានថ្លែងឲ្យដឹងថា ស្ថាបត្យកម្មនៃសណ្ឋាគារនេះ ត្រូវបានរចនាឡើងដោយដកស្រង់លំនាំតាម «ប្រាសាទភ្នំដា» ដែលជាមរតកវប្បធម៌ដ៏ល្បីល្បាញរបស់ខេត្តតាកែវ។ 

លោកស្រីបានបញ្ជាក់ថា៖”សំណង់ខាងក្រៅនៃសណ្ឋាគារ គឺជារចនាបថខ្មែរ ១០០ភាគរយ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ ប៉ុន្តែផ្នែកខាងក្នុង ត្រូវបានរៀបចំជាបែប ‘កូនកាត់អឺរ៉ុប’ (Hybrid Europe) ដើម្បីធានាបាននូវភាពស៊ីវិល័យ ផាសុកភាព និងតម្រូវចិត្តភ្ញៀវគ្រប់ស្រទាប់វណ្ណៈ ទាំងភ្ញៀវជាតិ និងអន្តរជាតិ”។

 គួបញ្ជាក់ថា គម្រោងវិនិយោគដ៏ធំនេះ មានទំហំទឹកប្រាក់រហូតដល់ ៤,៩៧០,០០០ ដុល្លារអាមេរិក ដែលនឹងត្រូវសាងសង់ឡើងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។ គម្រោងនេះរួមមាន៖ សណ្ឋាគារចំនួន ១០២ បន្ទប់ និងកន្លែងកម្សាន្តលើទឹកដ៏សម្បូរបែប ដូចជាការជិះម៉ូតូទឹក និងការជិះទូកកម្សាន្តជាដើម៕

5
Promotion