យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កងទ័ពឈ្លានពានថៃ បាននាំគ្នាដាក់ទូកុងតឺន័រថ្មីកាត់ទទឹងផ្លូវជាតិលេខ៥៥ ព័ទ្ធយកដីរបស់ខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីបានរាយបន្លាលួសនាពេលកន្លងមក ដែលជាអំពើរំលោភបំពានយ៉ាងកំរោលនូវកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមនានា ព្រមទាំងមិនញញើតច្បាប់អន្តរជាតិសោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាបន្តបន្ទាប់ ប្រឆាំងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងកំរោលពីសំណាក់យោធាថៃ និងតែងតែបញ្ជាក់ម្តងហើយម្តងទៀតពីគោលជំហររបស់ខ្លួនក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ កិច្ចព្រមព្រៀង សេចក្តីប្រកាសរួមនានា និងដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដោយការការប្រើប្រាស់កម្លាំងនោះទេ។
តាមការឱ្យដឹងពីអាជ្ញាធរដែនដី ដែលស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា ថាក្នុងប្រវត្តិសាស្ត្រដីនៅទីនេះកងទ័ពថៃមិនដែលឡើងមកជាន់ដីនៅទីនេះឡើយ។ ក្រោយមានបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពួកគេបានធ្វើសកម្មភាពរំលោភបទឈប់បាញ់ រំលោភកិច្ចព្រមព្រៀង រំលោភច្បាប់អន្តរជាតិលួចប្លន់យកដីរបស់ខ្មែរ។






