ប្រសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃដែលស្រង់ដោយអ្នកនាំពាក្យ លោក រ៉េន រតនៈ បានឱ្យដឹងថា ក្នុងសន្និបាតក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំយ៉ាងច្បាស់ថា ច្បាប់ចរាចរណ៍ត្រូវតែរឹតបន្តឹង អ្នកខុសច្បាប់ត្រូវតែទទួលទណ្ឌកម្ម រួមទាំងផាកពិន័យ ចំណែកមន្រ្តីល្មើសច្បាប់ និងគ្មានក្រមសីលធម៌ ក៏ត្រូវតែអនុវត្តតាមវិន័យនគរបាលជាតិ និងទទួលខុសត្រូវតាមផ្លូវច្បាប់ដូចគ្នា។ ចំពោះខេត្តជាប់ព្រំដែនប្រទេសថៃ ការអនុវត្ត នឹងលើកលែង សម្រាប់ក្រុង ស្រុក ឬផ្លូវតាមខ្សែបន្ទាត់ព្រំដែន។ ក្រៅពីនេះ គឺអនុវត្តដូចគ្នា។
ការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្របពេលមានការលើកឡើង ឌឺដង ចំពោះការរឹងបន្តឹងអនុវត្តច្បាប់ចរាចរណ៍ឡើងវិញនៅក្នុងខែកុម្ភៈនេះ ក្រោយផ្អាកការអនុវត្តច្បាប់អស់រយៈពេលជាង ៦ខែ។
ការប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញធ្វើឡើងក្រោយរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃសង្កេតឃើញពីការកើនឡើងចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះ។ គិតចាប់តាំងពីពេលដែលរដ្ឋាភិបាលផ្អាកការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អស់រយៈពេល ១៦០ថ្ងៃមក (ថ្ងៃទី២៥ កក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើង ៣៤លើក ស្មើនឹង ៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤។
ក្នុងអំឡុងពេលនៃការផ្អាកការអនុវត្តច្បាប់ចរាចរណ៍ជាង ៥ខែ ចំនួនអ្នកស្លាប់បានកើនឡើង ៦២នាក់ ឬស្មើ១០% និងអ្នករបួសកើន ២០៩នាក់ ស្មើ១៥%។ ចំណែកពេញមួយខែមករា ឆ្នាំ២០២៦វិញ អគ្គស្នងការនគរបាលជាតិបានអះអាងថា គ្រោះថ្នាក់ចរាចរណ៍កើនឡើង ៤២លើក ស្មើនឹង ១៩% ក្នុងនោះ មានចំនួនអ្នកស្លាប់កើន ២៥នាក់ និងអ្នករបួសកើន ៦៤នាក់ បើធៀបនឹងរយៈដូចគ្នាឆ្នាំ ២០២៥។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរល្មើសល្បឿន ៤៧% មិនគោរពសិទ្ធិ២១% មិនប្រកាន់ស្តាំ១០% ប្រជែងគ្រោះថ្នាក់៧% បត់គ្រោះថ្នាក់៦% ស្រវឹង៣% ល្មើសសញ្ញាចរាចរណ៍២% កត្តាយាន១% ងងុយ១% និងកត្តាផ្លូវ១%។
គួររម្លឹកថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាងកន្លៈឆ្នាំមកនេះ ដោយចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥មក ត្រូវបានផ្អាកក្រោមហេតុផលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ អំឡុងផ្អាកនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍បានហក់ឡើងខ្ពស់ជាងពេលធម្មតាដែលតម្រូវជាចាំបាច់ គឺត្រូវរឹតបន្តឹងឡើងវិញ ក្រោយស្ថានការណ៍ព្រំដែនបានធូរស្រាល៕

