ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការNPA នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការNPA ក្រោមគម្រោង “ ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ” តាមរយៈការអនុវត្តគម្រោងកម្មវិធីការស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោម ការបោសសម្អាតមីន និងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ សម្រាប់រយៈពេល១៨ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន៥.០០០.០០០ដុល្លារអាម៉េរិក ដែលក្នុងនោះអង្គភាពCMAC បានទទួលថវិកាចំនួន៤.០០០.០០០ដុល្លារអាម៉េរិក តាមរយៈអង្គការNPA និងអង្គការNPA បានទទួលថវិកាចំនួន១.០០០.០០០ដុលា្លរអាម៉េរិក។
គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាព CMAC ចំនួនប្រមាណជិត៣០០នាក់ ក្នុងកងឯកភាពកំចាត់មីនចំនួន២ នៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ ដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។ គម្រោងនេះមានគោលបំណងលុបបំបាត់ហានិភ័យបង្កដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព ស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលរងផលប៉ះពាល់ ជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព។
អគ្គនាយកស៊ីម៉ាក់ បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតី Donald J Trump រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាម៉េរិក ជាពិសេសអង្គការNPA ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីន និងការអភិវឌ្ឍន៍នៅកម្ពុជា។ ទាំងនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ ដើម្បីឱ្យអង្គភាពCMAC អាចបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ដើម្បីសង្គ្រោះអាយុជីវិត និងរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។
សូមបញ្ជាក់ថាសង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥កន្លងទៅនេះ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌទូទៅ គំរាមកំហែងសុខសុវត្ថិភាពលេីផ្ទៃដីចំនួនប្រមាណ៤៤១.៥៩៥ហិកតា ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០ មានចំនួនជាង៩១.៤១១គ្រួសារ ស្មេីនឹងមនុស្សរាយជិត៣៦៤,៦៩៤នាក់ ក្នុង៧ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-សៀម។ គម្រោងនេះត្រូវអនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន៤០.៤០០ហិកតា ស្ថិតក្នុងភូមិចំនួន១៤៥។ ទន្ទឹមនឹងជំនួយនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រលេីការងារសម្ភារបច្ចេកទេសនិងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ៕





