នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ បានប្រកាសអះអាងជាថ្មីថា កម្ពុជានៅតែបន្តបញ្ជូនកងកម្លាំងមួកខៀវ របស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិ ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក បើទោះបីជាដឹងថាកន្លែងដែលត្រូវទៅនោះមានភាពប្រឈមដល់សន្តិសុខ និងសុខភាពនៃការរស់នៅយ៉ាងណាក៏ដោយនោះ។
ការប្រការបែបនេះរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងក្នុងពិធីជូនដំណើរកងរាជអាវុធហត្ថលេខ៨៧៤ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៦៨៣ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី៤ ចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការពារជាតិ។ ពិធីនេះ ក៏មានការចូលរួមពីលោកស្រី វ្លាដាំងកា អាន់ដ្រេវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ.
នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា អស់រយៈពេល២០ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវជាង ១ម៉ឺននាក់ ចេញទៅបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហាប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្រ្គាមឧទ្ទាមវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា ដោយបណ្តាលឱ្យបាត់បង់ជីវិត និងពលីជាច្រើននាក់។ តែទោះជាយ៉ាងណាក៏ដោយកម្ពុជា ពុំបានកែប្រែនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពនេះឡើយ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា ជាក់ស្តែងថ្ងៃនេះ «កម្ពុជាបន្តបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន០៣កងទៅបំពេញបេសកកម្ម នៅសាធារណៈរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល ទោះបីជាបេសកកម្មនេះ អាចជួបប្រទះអំពើហិង្សានានា ប្រឈមនឹងអស្ថិរភាពដែលបង្កដោយក្រុមជ្រុលនិយម ក្រុមជម្លោះប្រដាប់អាវុធ ឬក៏ក្រុមឧទ្ទាមជាដើម និងអាចជួបហានិភ័យនៃគ្រោះធម្មជាតិ ជំងឺឆ្លងផ្សេងៗ ដែលគំរាមកំហែងដល់សន្តិសុខ សុខភាព ការរស់នៅ និងការបំពេញការងារប្រចាំថ្ងៃរបស់កម្លាំងយើងក៏ដោយ ប៉ុន្តែកងកម្លាំងយើងមិនរាថយឡើយ ដោយហេតុថានេះជាបុព្វហេតុរួមដ៏ថ្លៃថ្លាបំផុត ដើម្បីសន្តិភាព និងមនុស្សធម៌ក្នុងលោក»។
សូមរម្លឹកថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៦នេះ កម្ពុជាបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនបានចំនួន ១០ ៤៤៥នាក់ ក្នុងនោះមាននារីចំនួន៩៩០នាក់ទៅកាន់១២បេសកកម្ម នៅប្រទេសចំនួន១០ ដែលបច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន ៦២៩នាក់ ក្នុងនោះនារី១៣៥នាក់ កំពុងបំបេញបេសកម្មប្រទេសចំនួន៤ និង៥ បេសកកម្ម។ បើតាមនាយឧត្តមសេនីយ៍ទៀ សីហា កងកម្លាំងរបស់កម្ពុជាបានការពារជនស៊ីវិល បោសសំអាតមីន និងគាំទ្រដល់ការកសាងឡើងវិញនូវសហគមន៍ដែលរងគ្រោះដោយសារសង្រ្គាម៕










