សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព និងទស្សនកិច្ចនៅទ្វីបអឺរ៉ុប រយៈពេលជាង ១០ថ្ងៃ

នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

បើតាមក្រសួងការបរទេស កិច្ចប្រជុំដំបូងនេះ គឺជាការចាប់ផ្ដើមជាផ្លូវនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។ ការបង្កើតឱ្យមានក្រុមប្រឹក្សាសន្តិភាពនេះ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងទៅរកការកសាងតំបន់ហ្គាហ្សាឡើងវិញ។

ទន្ទឹមនឹងនេះ មេដឹកនាំដែលនឹងចូលរួមប្រជុំនេះ រំពឹងថានឹងមានការពិភាក្សាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។

ក្រៅពីចូលរួមក្នុងកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសមួយចំនួនទៀត ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាផងដែរ។

បន្ថែមលើនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏គ្រោងធ្វើទស្សនកិច្ចការងារទៅតំបន់អឺរ៉ុប ទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ជួបជាមួយមេដឹកនាំ និងអ្នកពាក់ព័ន្ធ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀតផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ៕

5
Promotion