អន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋភៀសសឹកវិលទៅលំនៅឋានវិញ នឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីពាក់កណ្ដាលខែកុម្ភៈនេះទៅ

គិតមកដល់ពេលនេះ ក្នុងចំណោមពលរដ្ឋភៀសសឹក​សរុបជាង៦សែន៤ម៉ឺន​នាក់ មានជិត​​៨៨% ស្មើនឹងជិង ៥សែន៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​ខណៈអ្នកបន្តស្នាក់នៅជំរំមានជិត៨ម៉ឺននាក់។

ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែយោធាថៃព័ទ្ធរបងលួសឬទូរកុងតឺន័រដើម្បីរារាំងឃាំងដំណើររបស់ពួកគេ។ តែយ៉ាងណា ជនភៀសសឹកមិនត្រឹមតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការអន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និងផ្តល់ការគាំទ្រទាំងសម្ភារៈនិងស្មារតី។

នាពេលថ្មីៗនេះដែរឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច បានបន្ដដឹកនាំក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះវិហារ និងឧត្តរមានជ័យ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយ ក្នុងគោលបំណងត្រៀមដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាល សម្រាប់គ្រួសារភៀសសឹកដែលបានវិលត្រលប់ទៅលំនៅឋានវិញ នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃនាពេលកន្លងមក ឱ្យបានទាន់ពេលស្របតាមការសម្រេចរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីតំណាងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, មូលនិធិជាតិជំនួយសង្គម, និងរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធក្នុងខេត្តទាំងពីរ។ កិច្ចប្រជុំក៏បានពិភាក្សាពាក់ព័ន្ធនឹងការគិតគូរអំពីអន្តរាគមន៍ចាំបាច់មួយចំនួនសម្រាប់ក្រុមគ្រួសារពលរដ្ឋ ដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញ ផងដែរ។

ស្របពេលជាមួយគ្នានេះ, ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលក្រុង-ស្រុក នៅតាមបណ្ដាខេត្តផ្សេងទៀតដែលរងផលប៉ះពាល់ ដើម្បីជំរុញការផ្ទៀងផ្ទាត់ទិន្នន័យសម្រាប់ជាមូលដ្ឋានរឹងមាំ ក្នុងការអនុវត្តកម្មវិធីអន្តរាគមន៍នេះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

តាមគម្រោងអន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋដែលបានវិលត្រលប់ទៅលំនៅឋានវិញ ដែលនឹងត្រូវចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦ នេះ រួមមានការស្ដារជីវភាព និងការជួសជុលលំនៅឋាន ព្រមទាំងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរងការខូចខាតក្នុងមូលដ្ឋាននីមួយៗ ដើម្បីឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត ជាប្រក្រតីឡើងវិញ៕

5
Promotion