រដ្ឋមន្ត្រីក្រសួងអប់រំ កោតសរសើរបុគ្គលិកអប់រំខេត្តជាប់ព្រំដែនទាំង៧ ដែលនៅតែបន្តខិតខំប្រឹងប្រែងជួយសិស្សានុសិស្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសដល់បុគ្គលិកអប់រំខេត្តទាំង៧ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលនៅតែបន្តខិតខំប្រឹងប្រែង ជួយផ្តល់សេវាអប់រំដល់សិស្សានុសិស្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីអប់រំ ស្មារតីឯកភាព សាមគ្គីភាព និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់។ 

ឯកឧត្តមបានគូសបញ្ជាក់ថា ទិសដៅអាទិភាពរបស់ក្រសួងគឺ សាលារៀន ដែលជាអង្គភាពផ្តល់សេវាសាធារណៈនៅជិតប្រជាពលរដ្ឋ និងមានភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់នូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដល់សិស្សានុសិស្សគ្រប់រូប។ ប្រការនេះទាមទារឱ្យសាលារៀនត្រូវពង្រឹងអភិបាលកិច្ចប្រកបដោយភាពធន់ បុរេសកម្ម និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍ និងមាតាបិតា ក្នុងការអភិវឌ្ឍសាលារៀន គ្រប់ជ្រុងជ្រោយស្របតាមស្តង់ដាសាលារៀនគំរូ។

រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ “គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់” នារសៀលថ្ងៃទី១៣ ខែកុម្ភៈ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ តំណាងដៃគូអភិវឌ្ឍន៍ ជាតិ និងអន្តរជាតិ ប្រតិភូអប់រំ យុវជន និងកីឡាមកពីទូទាំង ២៥ រាជធានី-ខេត្ត។

អង្គសន្និបាតបានលើកឡើងថា ជម្លោះព្រំដែនជាមួយប្រទេសថៃ បានធ្វើឱ្យមានការផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្ម ពាណិជ្ជកម្ម និងការប្រណាំងប្រជែង ដោយបានបង្រៀនយើងថា មានតែធនធានមនុស្សដែលមានភាពធន់ និងបរិយាបន្នទេ ទើបអាចការពារស្ថិរភាពសង្គមបាន។ យើងត្រូវបណ្តុះបណ្តាលយុវជនឱ្យមានសមត្ថភាពខ្លាំង និងសមធម៌ ដែលនឹងមានលទ្ធភាពពេញលេញ ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងរក្សាបាននូវសុខសន្តិភាពយូរអង្វែង។ លើទិដ្ឋភាពម្ខាងទៀត ការផ្លាស់ប្ដូរខាងផ្នែកបច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត(AI) នឹងមានផលជះយ៉ាងខ្លាំងលើវិស័យអប់រំ ហើយជំនាញខ្លះនឹងត្រូវបាត់បង់ ជំនាញថ្មីនឹងកើតឡើងដូច្នេះការអប់រំត្រូវតែឆ្លើយតបឱ្យចំគោលដៅ និងទាន់ពេលវេលាទៅលើការរីកចម្រើននៃ បច្ចេកវិទ្យាសិប្បនិម្មិតនេះ៕

5
Promotion