សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កោតសរសើរចំពោះកងទ័ពអាវសដែលជម្នះការលំបាកជួយដល់ពលរដ្ឋភៀសសឹក

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានកោតសរសើរយ៉ាងក្រៃលែងចំពោះកងទ័ពអាវសទាំងអស់ដែល ឧទ្ទិសការតស៊ូយ៉ាងខ្លាំងក្លារបស់ខ្លួន ជម្នះរាល់ឧបសគ្គ ការលំបាក និងការគំរាមកំហែងដល់អាយុជីវិត ក្នុងការបម្រើសេវាថែទាំ អប់រំ បង្ការ ព្យាបាល និងសេវាគាំទ្រសារវន្តនានា ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសប្រជាពលរដ្ឋភៀសសឹក ដែលជារួមភាគច្រើនជាស្ត្រី ទារក កុមារ មនុស្សចាស់ និងអ្នកមានពិការភាព។ ប្រការទាំងអស់នេះ បានបង្ហាញឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព គុណតម្លៃនៃកម្លាំងសាមគ្គីភាព ជាធ្លុងមួយ ពួតដៃគ្នាយ៉ាងរឹងមាំ ដើម្បីជាតិមាតុភូមិ។

ការលើកឡើងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា ការថែទាំសុខភាព, សុវត្ថិភាពផ្នែកសុខភាព និងប្រព័ន្ធភាពធន់ ផ្នែកសុខភាព ពិតជាមានសារសំខាន់ស្រួចស្រាវណាស់សម្រាប់ការកសាងជាតិ និងការឈានទៅសម្រេចឱ្យបាន ចក្ខុវិស័យឆ្នាំ២០៥០។ ម៉្លោះហើយ យើងត្រូវតែនាំគ្នាវិនិយោគធនធាន និងការខិតខំប្រឹងប្រែងរបស់យើង នៅក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព និងការគ្របដណ្តប់សេវាថែទាំសុខភាពជាសកល, ធ្វើឱ្យកិច្ចការទាំងនោះកាន់តែមានលក្ខណៈបរិយាបន្ន និងមានភាពធន់។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលឆ្នាំនេះផ្តោតសំខាន់លើ «ការរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទ មានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ» បន្តស្ថិតនៅជាស្មារតី របស់ពលរដ្ឋម្នាក់ៗក្នុងការចូលរួមចំណែកដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ៕

5
Promotion