អភិបាលខេត្តកំពង់ធំ ផ្តាំទៅអ្នកលួចកាប់ទន្ទ្រានព្រៃថា«កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ»

ក្នុងដំណាក់កាលប្រទេសជាតិកំពុងទទួលរងការឈ្លានពានពីកងទ័ពប្រទេសជិតខាងនៅតែមានជនខិលខូចឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃអចិន្ត្រៃយ៍របស់រដ្ឋរាប់សិបហិកតា នៅខេត្តកំពង់ធំ ។

នៅលើបណ្តាញសង្គមនៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ផ្តាំទៅអ្នកលួចកាប់ទន្ទ្រានព្រៃ ថា «កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ» ។

តាមការកត់សម្គាល់ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ជនល្មើសហាក់ដូចជាស្គាល់ច្បាស់ថា ទីតាំងណាជាព្រៃអចិន្ត្រៃយ៍ ហើយទីតាំងណាជាព្រៃសហគមន៍ ក្នុងគោលដៅទន្ទ្រានយកទីតាំងណាដែលអាចនឹងឈានទៅរកការតវ៉ាទាមទារឱ្យចេញបណ្ណកម្មសិទ្ធិនាពេលអនាគត។

ឯកឧត្តម ក៏គូសបញ្ជាក់បន្ថែមថា នៅម៉ោងនេះវិធានការរឹតបន្តឹង និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងភាពស្មោះត្រង់ គឺជាអាវុធមានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងអភិក្រមរបស់ជនល្មើស ដែលតែងប្រកាន់ថា «អ្នកហ៊ានគឺបាន»។

ឯកឧត្តម អភបាលខេត្ត បានបន្តថា ពេលនេះ តំបន់រងការទន្រ្ទាននេះត្រូវបានកំណត់ភូមិសាស្រ្តរួចហើយ ដោយរដ្ឋបាលខេត្ត ដែលចាត់វិធានការយ៉ាងប្រាកដប្រជាថា ជនល្មើសទាំងនេះមិនត្រឹមតែនឹងមិនអាចទទួលបាននូវសិទ្ធិណាមួយនៅលើដីព្រៃដែលខ្លួនបានកាន់កាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងត្រូវជាប់ក្នុងអន្ទាក់នីតិវិធីតុលាការដែលបានបើកនីតិវិធីរួចហើយ ដើម្បីស្វែងរកបុគ្គលទទួលខុសត្រូវតាមច្បាប់។

5
Promotion