សម្តេចធិបតី ប្រាប់ Reuters ថា ថៃកំពុងបន្តកាន់កាប់ទឹកដីខ្មែរ ទោះមានកិច្ចព្រមព្រៀងសន្តិភាព

ក្នុងពេលអនុញ្ញាតិឲ្យភ្នាក់ងារសារព័ត៌មាន Reuters សម្ពាធកាលពីថ្ងៃអង្គារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កងកម្លាំងថៃកំពុងបន្តកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។ ទន្ទឹមគ្នានេះ សម្តេចធិបតីបានអំពាវនាវឱ្យប្រទេសថៃ អនុញ្ញាតឱ្យគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់ផ្តើមធ្វើការលើតំបន់ព្រំដែនដែលកំពុងមានវិវាទ។

ការផ្តល់កិច្ចសម្ភាសឲ្យសារព័ត៌មាន Reuters របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពេលសម្តេចដឹកនាំប្រតិភូអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមសម័យប្រជុំនៃ “ក្រុមប្រឹក្សាសន្តិភាព” (Board of Peace) របស់លោក ត្រាំ ក្នុងសប្តាហ៍នេះ។

តាមសារព័ត៌មាន Reuters សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនៅតែមានកងកម្លាំងថៃកាន់កាប់ជ្រៅក្នុងទឹកដីកម្ពុជាក្នុងតំបន់ជាច្រើន។ នេះគឺលើសពីខ្សែបន្ទាត់ព្រំដែនដែលថៃបានទាមទារតែឯកតោភាគីទៅទៀត។ ទាហានថៃបានដាក់ទូកុងតឺន័រ និងរបងលួសបន្លានៅក្នុងតំបន់ដែលថៃធ្លាប់បានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ហើយប្រជាពលរដ្ឋមិនអាចត្រឡប់ទៅផ្ទះវិញបានទេ»។

សម្តេចធិបតីបានសង្កត់ធ្ងន់ទៀតថា៖ «នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាសេចក្តីថ្លែងការណ៍អំពីការពិតនៅលើដីផ្ទាល់។ កម្ពុជាមិនអាចទទួលយកបាននូវអ្វីដែលលោកហៅថាជា “ការរំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់យើង”នោះទេ»។ 

ជាមួយគ្នានេះដែល សម្តេចធិបតីសង្ឃឹមថា ប្រទេសថៃនឹងយល់ព្រមឱ្យគណៈកម្មការ JBC ចាប់ផ្តើមការងារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីភាគីថៃធ្លាប់បានយកលេសរឿងការបោះឆ្នោតកាលពីថ្ងៃទី ៨ ខែកុម្ភៈ ដើម្បីពន្យារពេល៕

5
Promotion