កម្ពុជា គ្រោងនឹងដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ ដែលស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីបម្រើដល់ការងារ ព្យាករអាកាសធាតុ និងធាតុអាកាសឱ្យកាន់តែច្បាស់លាស់។
កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ក៏បានចុះពិនិត្យទីតាំងជាក់ស្តែង សម្រាប់ដំឡើងស្ថានីយរ៉ាដាតេជោសែនទី២នេះផងដែរ ។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយរ៉ាដាថ្មីនេះ ត្រូវបានអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការដំឡើងស្ថានីយរ៉ាដាប្រភេទ Doppler Radar នេះ មានសារៈសំខាន់ណាស់ក្នុងការផ្តល់ទិន្នន័យជាក់ស្តែង (Real-time) ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើព្យាករអាកាសធាតុ និងធាតុអាកាសឱ្យកាន់តែច្បាស់លាស់។
លើសពីនេះ វាក៏ជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងធនធានទឹក និងបម្រើដល់ពហុវិស័យដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងគមនាគមន៍ ជាពិសេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសកល៕




