សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា និងកងទ័ពឡាវ បង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន នៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ជាពិសេស កិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។
ការលើកទឹកចិត្តរបស់សម្តេចតេជោ ដូចនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។

បើតាម ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ បានបង្ហាញក្ដីរីករាយ ដែលឃើញកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន រវាងកម្ពុជា និងឡាវ មានជាមួយគ្នាក្នុងពេលកន្លងមក ហើយសម្ដេចបានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។
សម្តេច ក៏ជំរុញឲ្យកងទ័ពកម្ពុជា និងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍គ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរវាងគ្នាទៅវិញទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុន តាមរយៈការផ្ដល់អាហារូបករណ៍ក្នុងវិស័យការពារជាតិ ដើម្បីជាផ្នែកក្នុងការរុញច្រាននៃការបណ្ដុះបណ្ដាលមូលធនមនុស្ស នៅក្នុងវិស័យការពារជាតិ ឱ្យកាន់តែរីកចម្រើនសម្រាប់ប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ ហើយឯកឧត្ដមបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងពូនជ្រុំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត ។
ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អ តាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរផងដែរ ៕


