វិធានការបន្ទាន់ ៤ចំណុច ដែលតម្រូវឱ្យរោងចក្រអនុវត្ត ក្រោយមានករណីដួលសន្លប់កម្មករជាង ១០នាក់ 

មន្រ្តីជំនាញបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅខេត្តកណ្តាលពង្រឹងបទដ្ឋានបច្ចេកទេសបរិស្ថានមួយចំនួនបន្ទាប់ពីកម្មករជាង១០នាក់មានការដួលសន្លប់។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការបច្ចេកទេសដល់ក្រុមហ៊ុនអនុវត្តរួមមាន៖ ១-ក្រុមហ៊ុនត្រូវកែសម្រួលសីតុណ្ហភាពក្នុងអគារផលិតកម្មឱ្យស្ថិតនៅក្រោម កម្រិតស្តង់ដារកំណត់ (ស្តង់ដារ៣០0C) ២-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ឋត្រជាក់(Cooling System)  ៣-ក្រុមហ៊ុនត្រូវរៀបចំលំហូរខ្យល់ក្នុងអគារផលិតកម្មចេញចូលឱ្យបានគ្រប់គ្រាន់ ៤-ក្រុមហ៊ុនត្រូវរៀបចំទីតាំងបិតកាវលើស្បែកកាបូប និងការប្រើប្រាស់សាំងក្រអូបសម្រាប់ជូតសម្អាត ឱ្យដាច់ដោយឡែកពីផ្នែកដេរ និង៥-ក្រុមហ៊ុនត្រូវទុកដាក់ និងញែកសំណល់ឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យករណីដួលសន្លប់ របស់ក្រុមហ៊ុន SHI HAO HANDBAG CO., LTD.ជាប្រភេទរោងចក្រ ផលិតកាបូប ខ្សែក្រវ៉ាត់ និងសម្ភារៈបន្ទាប់បន្សំ ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីមានករណី កម្មករចំនួន១៩នាក់ ដួលសន្លប់នារសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦។

បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករនិយោជិតនៃរោងចក្រស៊ី ហាវ ហ៊ែនប៊ែន ឯ.ក ដែលមានអាស័យដ្ឋាននៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សរុប ១៩នាក់បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញនៅព្រឹកថ្ងៃទី៤ ខែមីនានេះ ខណៈកម្មករ ១២នាក់ផ្សេងទៀតកំពុងសម្រាកបន្តនៅមណ្ឌលសុខភាពព្រែកអញ្ចាញ និងមន្ទីរពេទ្យឯកជនគុយវ៉ែត។ 

លោកថ្លែងថា៖ “មូលហេតុបឋមដែលក្រុមជំនាញនៃក្រសួងការងាររកឃើញ គឺ រោងចក្រមានប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ និងការសំអាតបរិយាកាសក្នុងអគាផលិតកម្មពុំបានត្រឹមត្រូវ បរិយាការណ៍កម្ដៅក្នុងអគាផលិតកម្មមានសភាពក្ដៅ និងមានក្លិនកាវ”។ បើតាមលោក ស៊ុន មេសា កម្មករត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួលពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែមីនានិងចូលធ្វើការនៅថ្ងៃទី៦ ខែមីនាឆ្នាំ២០២៦៕

5
Promotion