សប្ដាហ៍ដំបូងក្នុងខែមីនានេះ មានមនុស្ស ២១នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍!

ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២ មាន៦ករណី ស្លាប់៣នាក់ របួស៤នាក់ ថ្ងៃទី៣ មាន៩ករណី ស្លាប់៣នាក់ របួស១៤នាក់ ថ្ងៃទី៤ មាន៤ករណី របួស៦នាក់ ថ្ងៃទី៥ មាន៦ករណី ស្លាប់៥នាក់ របួស១៥នាក់ ថ្ងៃទី៦ មាន៦ករណី ស្លាប់៥នាក់ របួស៥នាក់ និងថ្ងៃទី៧ មាន៥ករណី ស្លាប់៤នាក់ របួស៤នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះមាននៅមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ស្វាយរៀង ព្រះសីហនុ ត្បូងឃ្មុំ កោះកុង ស្ទឹងត្រែង បាត់ដំបង រតនគិរី កំពង់ឆ្នាំង ក្រចេះ ព្រះវិហារ និងខេត្តសៀមរាប។

គួររំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន២០២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៧០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤១៧នាក់។ នេះបើតាមរបាយការណ៍ដដែល។

គួរឱ្យដឹងដែរថា នៅថ្ងៃទី៩ ខែមីនានេះ នគរបាលរាជធានីភ្នំពេញ ចាប់​ផ្តើម​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​និងត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​នា​ពេល​យប់ឡើងវិញហើយ។ ការប្រកាសនេះ ​ស្រប​ពេល​ដែល​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាបន្ត​បន្ទាប់ ​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។

ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការត្រួតពិនិត្យការបើកបរនាពេលយប់នេះ គឺអនុវត្តតាមគោលការណ៍ចាស់ដែលធ្លាប់បានអនុវត្តកន្លងមកក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ហើយចាប់ផ្តើមនៅម៉ោង១១ និង ៣០នាទីយប់ឡើងទៅ៕

5
Promotion