ប្រធានាធិបតី ត្រាំ បើកផ្លូវលក់អាវុធ និងរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញជាមួយកម្ពុជា

សហរដ្ឋអាម៉េរិក នឹងដកបំរាមការលក់សម្ភាវុធមកឲ្យកម្ពុជា និងបើកឱ្យមានការរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានធ្វើជិត ១០ឆ្នាំ។ បើយោងតាមសេចក្តីប្រកាសពីវិមានរដ្ឋាភិបាលអាម៉េរិកអំពីលទ្ធផលនៃជំនួបពិភាក្សារបស់លោកដូណាល់ ត្រាំ និងសម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី២៦ ខែតុលា នៅប្រទេសម៉ាឡេស៊ី។

គួរឱ្យដឹងថា សមយុទ្ធយោធា ឆ្មាំអង្គរ ជាសមយុទ្ធមួយដែលកម្ពុជា និងអាមេរិក បានចាប់ដៃគ្នាធ្វើជាលើកដំបូង ក្នុងឆ្នាំ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នា ជារៀងរាល់ចុងឆ្នាំនីមួយៗ រយៈពេល៧លើកជាប់ៗគ្នា។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៧ សមយុទ្ធយោធានេះ ក៏ត្រូវបានផ្អាក រហូតមកទល់បច្ចុប្បន្ន។ 

បើតាមសេចក្តីប្រកាសព័ត៌មានក្រោយជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតី ត្រាំ នឹងបង្កើនកៅអីសម្រាប់មន្រ្តីកម្ពុជាសិក្សានៅមហាវិទ្យាល័យយោធាសហរដ្ឋអាម៉េរិក ដូចជា West Point បណ្ឌិតសភាកងទ័ពអាកាស និងផ្សេងៗទៀត ហើយសហរដ្ឋអាម៉េរិក និង កម្ពុជា បានព្រមព្រៀងគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង និងអង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និង មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត៕