ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺប្រេងសាំងធម្មតា ថ្លៃ ៤៤០០រៀល ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ ៥១៥០រៀល ក្នុង ១លីត្រ។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ តម្លៃនេះ នឹងប្រែប្រួលថ្មីបន្ទាប់ពីថ្ងៃទី១០ ខែមីនានេះទៅ។
ហេតុអ្វីបានជាប្រេងម៉ាស៊ូតថ្លៃជាងសាំងក្នុងពេលមានវិបត្តិ? ហេតុអ្វីបានជាថ្លៃម៉ាស៊ូតនាំចូលមកខ្ពស់ជាងថ្លៃសាំង?
អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា គឺមកពីតម្រូវការម៉ាស៊ូតពិបាកកាត់បន្ថយ ខណៈតម្រូវការសាំងអាចកាត់បន្ថយបាន។ បេីក្នុងមុខវិទ្យាសេដ្ឋកិច្ចគេហៅថា តម្រូវការមិនងាយប្រែប្រួលតាមថ្លៃ ដោយសារភាពចាំបាច់នៃទំនិញ (demand inelasticity)។ គេអាចកាត់បន្ថយការប្រើប្រាស់ឡានទេសចរណ៍បាន ។ គេអាចផ្អាកជិះឡានមួយរយៈដោយជិះម៉ូតូ ជិះកង់ ឬជិះឡានក្រុង ក៏ប៉ុន្ដែការបូមទឹក ភ្ជួរដី ច្រូតស្រូវ ដឹកដំឡូង ដឹកស្វាយ ដឹកស្វាយចន្ទី ដឹកស្រូវ ដឹកអង្ករនាំចេញ ដឹកក្រណាត់ចូល ដឹកសម្លៀកបំពាក់នាំចេញ ដឹកប្រេងចែកចាយ ដឹកសម្ភារៈសំណង់ ។ល។ សុទ្ធតែប្រើប្រាស់ប្រេងម៉ាស៊ូត និងបេីកាត់បន្ថយនាំឱ្យមានការខាតបង់កាន់តែច្រើន ដូច្នេះហើយ តម្រូវការម៉ាស៊ូតមានភាពចាំបាច់ជាងសាំង ដែលនាំឱ្យប្រទេសជាច្រើនដណ្ដើមគ្នាទិញម៉ាស៊ូត។ ថ្លៃដឹកជញ្ជូនកេីនឡើង នាំឱ្យថ្លៃទំនិញឧបភោគ បរិភោគ នឹងកេីនឡើង រីឯអ្នកលក់ទំនិញនាំចេញនឹងបានចំណូលតិចជាងមុន។ បេីខ្វះម៉ាស៊ូតកាន់តែពិបាកខ្លាំង។
បើតាមលោកបណ្ឌិត ច័ន្ទ សុផល រដ្ឋាភិបាលគួរយកចិត្តទុកដាក់ឱ្យបានខ្លាំងចំពោះប្រេងម៉ាស៊ូតដែលជាយុទ្ធសាស្ត្រនេះ។ គួរមានការលើកទឹកចិត្តសម្រាប់ការទិញឡានដឹកទំនិញដោយប្រើឋាមពលអគ្គិសនីឱ្យបានឆាប់ជាទីបំផុត។ បេីខ្វះឋាមពលអគ្គិសនី គួរបង្កើតគម្រោង ឬអនុញ្ញាតការប្រើប្រព័ន្ធសូឡាឱ្យបានច្រើន៕

