គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង ២៤មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវ ប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកល ទុច្ចរិតនានា ដូចជា ការលួងលោម ឬការអូសទាញឱ្យប្រគល់នូវទ្រព្យ ឬដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគ ខ្យល់ណាមួយ ដោយមានការអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ឬការក្លែងជាការលក់ផលិតផល ឬផ្តល់ សេវាកម្មអនឡាញជាដើម។ កម្ពុជាមានភាពចាំបាច់ក្នុងការរៀបចំច្បាប់នេះ ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តផ្នែក នយោបាយដ៏មោះមុតឥតងាករេក្នុងការបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ឆ្នាំ២០២៤ និងប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ព្រមទាំង ដើម្បីដោះស្រាយបញ្ហាប្រឈមលើទិដ្ឋភាពច្បាប់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

សេចក្តីប្រកាសព័ត៌មាន ដដែលបានឱ្យដឹងថា ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះ រួមមាន ទី១-ការបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥បន្ថែម មានជាអាទិ៍ (១) បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (២) បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (៣) បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (៤) បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ (៥) ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ និង ទី២-លើផ្នែកនីតិវិធីព្រហ្មទណ្ឌ ត្រូវបាន កំណត់នូវវិធានពិសេសមួយចំនួន ដូចជា (១) រយៈពេលនៃការឃាត់ខ្លួន (២) ការផ្អាក ការឃាត់ទុក និងការបង្កក (៣) ការរឹបអូសទ្រព្យ (៤) ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស (៥) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕

5
Promotion