នាយក្រិន បានទទួលថវិកាឧបត្ថម្ភចំនួន ២០លានរៀល ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ នេះបើយោងតាមគណនីរបស់តារាសម្តែងលោក សាវិន ហ្វីលីព នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ។
ក្រៅពីបង្ហោញចំនួនថវិកាឧបត្ថម្ភ នៅក្នុងសំណេរតារាសម្តែងលោក សាវិន ហ្វីលីព បានសរសេរថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់សិល្បករទាំងអស់នៅកម្ពុជា។

គួររំលឹកថា មុនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងក្រុងភ្នំពេញ ដំបូងឡើយ នាយក្រិន បានសម្រាកព្យាបាលនៅពេទ្យឯកជនមួយ ក្នុងខេត្តបាត់ដំបង ដោយការកំណត់រោគសញ្ញាជាជំហានដំបូង គឺរលាកត្រចៀកធ្ងន់ធ្ងរ និងមានមេរោគក្នុងឈាម ដល់ថ្នាក់វង្វេងស្មារតីថែមទៀត ពោលគឺស្គាល់មុខអ្នកជុំវិញខ្លួន តែមិនស្គាល់ឈ្មោះ។
ដោយហេតុនេះ លោក ហ្វីលីព តារាសម្តែង និងជាអ្នកស្និតស្នាលនឹងនាយក្រិន ក៏សម្រេចបញ្ជូន មកកាន់មន្ទីរពេទ្យធំនៅភ្នំពេញតែម្តង ដោយមានការជួយជ្រោមជ្រែងមើលថែ ពីអតីតដៃគូសិល្បៈកំប្លែងរួមក្រុម ប្រិមប្រិយ និងតែងរាយការណ៍ពីស្ថានភាពលោកជាបន្តបន្ទាប់ ដើម្បីឱ្យសាធារណជនបានជ្រាប។ បើតាម តារាសម្តែងលោក សាវិន ហ្វីលីព បានបញ្ជាក់លើបណ្តាញសង្គមរបស់លោកពីស្ថានភាពរបស់នាយក្រិន គឺ កំពុងមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ និងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕
