ឆ្លើយតបនឹងក្តីកង្វល់របស់បងប្អូនប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាមកលើវិស័យកសិកម្ម ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ និងជីកសិកម្ម ក្រសួងកសិកម្ម បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២៖
១. ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរួមគ្នាជួយធានាការផ្គត់ផ្គង់ប្រេងគាំទ្រដល់វិស័យកសិកម្ម។ ទន្ទឹមនេះ ក្រសួងបានចេញសេចក្តីណែនាំដល់មន្ទីរកសិកម្មគ្រប់ខេត្តក្រុងទាំងអស់ ឱ្យតាមដានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងសហការជាមួយមន្ទីររ៉ែនិងថាមពល ក៏ដូចជាមន្ទីរពាណិជ្ជកម្ម ដើម្បីផ្តល់ការអន្តរាគមន៍ភ្លាមៗ បើមានការឡើងថ្លៃខុសប្រក្រតី ឬក៏មានការខ្វះខាតការផ្គត់ផ្គង់។
២. ពាក់ព័ន្ធនឹងបញ្ហាជីកសិកម្ម៖ ក្រសួងបានជួបប្រជុំវាយតម្លៃជាមួយក្រុមហ៊ុននាំចូលនិងចែកចាយជីកសិកម្មធំៗមួយចំនួន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី និងបានវាយតម្លៃជាបឋមថា កម្ពុជានឹងមិនបញ្ហាខ្វះខាតជីកសិកម្មទេ ជាពិសេសសម្រាប់ប្រភេទជីអ៊ុយរ៉េដែលរងផលប៉ះពាល់ខ្លាំងជាងគេ តែអាចនឹងប្រឈមនឹងការកើនឡើងនៃថ្លៃបណ្តាលមកពីសម្ពាធទីផ្សារសកល។ ក្រសួងក៏បានទទូចស្នើសុំឱ្យក្រុមហ៊ុនរក្សាតម្លៃក្នុងកម្រិតសមរម្យមួយ ដែលអាចទទួលយកបានសម្រាប់បងប្អូនប្រជាកសិករនារដូវដាំដុះខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីអ្នកពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់។
ជាមួយគ្នានេះ ក្រសួងកសិកម្ម បានណែនាំទៅកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវបន្តតាមដាននិងយកចិត្តទុកដាក់លើការងារ ៤ចំណុចបន្ថែមទៀត រួមមាន៖ ១. ចូលរួមសម្របសម្រួល និងតាមដានដោយយកចិត្តទុកដាក់លើស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តសាមី។ ចំពោះតម្លៃប្រេងនិងឧស្ម័នឥន្ធនៈ ត្រូវអនុវត្តតាមតារាងតម្លៃដែលចេញផ្សាយ ដោយក្រសួងរ៉ែ និងថាមពល និង/ឬក្រសួងពាណិជ្ជកម្ម។ ២. សម្របសម្រួលដោះស្រាយឱ្យបានឆាប់រហ័សក្នុងករណីប្រជាកសិករ ឬសហគមន៍កសិកម្មមានបញ្ហាប្រឈម និងការលំបាកក្នុងការទទួលបាននូវប្រេងឥន្ធនៈ ដោយធ្វើការជូនដំណឹងដល់ មន្ទីររ៉ែ និងថាមពល និង/ឬ មន្ទីរពាណិជ្ជកម្មប្រចាំរាជធានី-ខេត្តសាមី។ ៣. ចូលរួមសហការផ្សព្វផ្សាយដល់ប្រជាកសិករ ឬសហគមន៍កសិកម្មអំពីការប្រើប្រាស់មធ្យោបាយផ្ទុក (ប៊ីដុង ឬកាន) ក្នុងកម្រិតចំណុះដែលមានសុវត្ថិភាព និងធានាការពារកុំឱ្យមានហានិភ័យឆាបឆេះ ធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន និង៤. ក្នុងករណីពិនិត្យឃើញថាមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេងនិងឧស្ម័នឥន្ធនៈ និងមានការដំឡើងថ្ល ខុសប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់មក អគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមានវិធានការកម្រិតថ្នាក់ជាតិ៕

