អតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា អញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅទីស្តីការក្រសួងដែនដី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តបើកទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធ ជាលើកចុងក្រោយ ពីអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំង​ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបង់ប្រាក់ថ្លៃលក់ទិញ ​ដីឡូត៍និងផ្ទះគ្រប់ចំនួន ១០០% និងមិនធ្លាប់បានដាក់ពាក្យស្នើរសុំជាច្រើនលើកកន្លងមក ។

ជាក់ស្តែង នៅថ្ងៃទី១៣ ខែមីនា នេះ មានប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង៦អា និងគម្រោងជ្រែមួយរយ ជាច្រើននាក់ បានអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ នៅទីស្តីការក្រសួង។

ការបើកទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធិនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:៣០ព្រឹក រហូតដល់ម៉ោង ៥:០០ល្ងាច នៅសាលសនិ្នបាត ២០២១ ជាន់ទី២ នៃទីស្នីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់។

បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ អតិថិជនត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួន ដូចជា៖ ១. កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ ច្បាប់ដើម ,២. វិក្កយបត្របង់ប្រាក់ ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ ច្បាប់ដើម និង៣. ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ។ ក្នុងករណី អតិថិជនខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិតាមកាលបរិច្ឆេទនេះទេ ក្រសួង មិនទទួលខុសត្រូវចំពោះ​ការបាត់បង់ផលប្រយោជន៍នោះឡើយ៕

5
Promotion