ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានបង្រ្កាបករណីលួចបោះបង្គោលរបងហ៊ុមព័ទ្ធលើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមក្រសួងបរិស្ថាន ករណីនេះមន្រ្តីនគរបាលយុត្តីធម៌ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺដោយអនុលោមតាមបញ្ញត្តិនៃក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៨៥០ ចំណុច«ង» និងចំណុច«ឌ»។
ក្រុមការងារបានដកហូតវត្ថុតាងរួមមានលួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងត៏ចំនួន១៣បេ ធុងទឹកចំណុះ៥០០០ លីត្រចំនួន១ កាមេរ៉ាចំនួន៤គ្រាប់ សូឡាចំនួន៣ផ្ទាំង និងដែក៣០គុណនិង៣០គុណ២ម៉ែត្រ១៣២ ដើម ដែក៧៥ គុណនឹង៧៥ គុណនឹង២ ម៉ែត្រចំនួន៦៦ដើម ដែក៣០គុណ និង៣០គុណនិង៦ម៉ែត្រ ១៥០ដើម ដែក៧៥គុណនឹង៧៥ គុណនិង៦ម៉ែត្រចំនួន៣ដើម ដែកសរសៃ១០លី ចំនួន៤៥ ដើម។
វត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ដឹកមករក្សាទុកនៅស្នាក់ការលើភ្នំ និងកំពុងបន្តស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។






