ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ បវរកញ្ញាចក្រវាឡ កម្ពុជា ឆ្នាំ២០២៥ ហ្វីយ៉ាតា បានបង្ហាញនូវអារម្មណ៍ពិតនិងចង់ចូលរួមចំណែកក្នុងការជួយលើកស្ទួយវិស័យភាពយន្ត ខ្មែរ ឱ្យកាន់តែល្បីល្បាញឡើង ។

ចាប់តាំងពីត្រឡប់មកពីប្រកួតនៅលើឆាកអន្តរជាតិវិញ ហ្វីយ៉ាតា ចាប់ផ្តើមទទួលការងារតូចធំនានា នៅក្នុងវិស័យសិល្បៈ មិនថាថតផ្សាយពាណិជ្ជកម្ម ឬថតភាពយន្តនោះទេ ជាក់ស្តែងថ្មីៗនេះមានផលិតកម្មមួយបានទាក់ទងនិងចង់ឱ្យនាងថតភាពយន្តផងដែរ នាងក៏រីករាយនៅក្នុងការឈានជើងចូលក្នុងវិស័យនេះផងដែរ ។
ជាមួយនិងការបង្ហើបប្រាប់ពីអារម្មណ៍ពិតរបស់ខ្លួនក្នុងការប្រលូកចូលវិស័យសម្តែង ហ្វីយ៉ាតា ថែមទាំងបាននិយាយផងដែរថា « ឃើញរឿងរាជនីបុរាណខាងគេទើបចេញផ្សាយ ហើយចេះតែលួចគិតថា តើយើងអាចជួយអ្វីគ្នាបានលើវិស័យភាពយន្តយើង ? ខ្ញុំពិតជាចង់ចូលរួមជាចំណែកមួយជួយលើកស្ទួយវិស័យភាពយន្តណាស់ ពួកយើងអាចធ្វើវាប្រសើរដូចគេ ឱ្យតែយើងព្រមទទួលយកការពិតនូវចំណុចខ្លះ ហើយស៊ូរួមគ្នាផ្តល់គំនិតថ្មីៗទទួលយកការកែប្រែខ្លះ ខ្ញុំចង់ឃើញពួកយើងជោគជ័យគ្រប់វិស័យ » ។
ថ្វីដ្បិតតែ ហ្វីយ៉ាតា មានវ័យច្រើនបន្តិចក្តី តែនិយាយពីរូបសម្រស់និងរូបរាងរបស់នាងវិញនៅតែស្រស់ស្អាតមិនចាញ់កាលពីក្មេងឡើយ ដូច្នេះហើយទើបមានបណ្តាក្រុមហ៊ុននិងម្ចាស់ផលិតកម្មជាច្រើនពេញចិត្តនិងហៅនាងធ្វើការងារជាបន្តបន្ទាប់ ។ ហ្វីយ៉ាតា រំពឹងថា ឆ្នាំថ្មីនេះបំណងប្រាថ្នាធំរបស់ខ្លួននឹងទទួលបានជោគជ័យ ៕



