ករណីក្មេងស្រីរងគ្រោះពិការជើងទាំងសងខាងត្រូវបានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទំនាក់ទំនងក្រុមគ្រួសារកុមារីរងគ្រោះមកជួបសាកសួរអំពីអង្គហេតុមូលហេតុ និងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿងនិងទទួលជួយការពារស្វែងរកយុត្តិធម៌។
កុមារីរងគ្រោះម្នាក់ត្រូវបានគ្រូពេទ្យសម្រេចកាត់ចោលជើងទាំងពីរដែលបណ្តាលមកពីរថយន្តពីរគ្រឿងប៉ះទង្គិចគ្នាប៉ើងមកកិនជើងទាំងពីររបស់កុមារីរងគ្រោះនិងបងប្រុសបង្កើតម្នាក់ទៀតកំពុងដើរលើចិញ្ចើមថ្នល់ទៅសាលារៀន។គិតចាប់ពីថ្ងៃកើតហេតុមកទល់ពេលនេះមានរយ:ពេល៥ឆ្នាំតែកុមារីរងគ្រោះពុំដែលទទួលបានសំណងសងការខូចខាតអ្វីទាំងអស់។
ទទួលបានដំណឹងនេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនបានទំនាក់ទំនងអញ្ជើញទាំងក្រុមគ្រួសាររងគ្រោះមកជួបសាកសួរអំពីអង្គហេតុមូលហេតុនិងបានចាត់តាំងមេធាវីស្រាវជ្រាវរកសំណុំរឿងនិងទទួលជួយការពារស្វែងរកយុត្តិធម៌។
ជានិច្ចកាលក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនតែងប្រតិបត្តិខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចក្រោមការណែនាំចង្អុលបង្ហាញពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ក្រោមការគិតគូរគ្រប់ជ្រុងជ្រោយប្រកបដោយកិត្តិបណ្ឌិតយុត្តិធម៌ឥតលំអៀងសម្តេចទាំងទ្វេតែងតែការពារនិងជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយគ្មានការរើសអើង។
សូមបញ្ជាក់ថារឿងរ៉ាវជីវិតរបស់ក្មេងស្រីម្នាក់បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម មានការរំជួលចិត្តអាណិតអាសូរជាពន់ពេក បន្ទាប់ពីមានអ្នកសារព័ត៌មានបានចុះទៅសម្ភាសន៍ពីស្ថានភាពរបស់ក្មួយស្រី ដែលត្រូវរងគ្រោះពិការជើងទាំងសងខាងដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។
ក្មួយស្រីពិការជើងម្នាក់នេះមានឈ្មោះ សឿង សំរង អាយុ ១០ ឆ្នាំ រស់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីជិត ៥ឆ្នាំមុន (គាត់នៅអាយុប្រហែល ៥ឆ្នាំ) បានត្រូវរថយន្តគៀរបណ្តាលឱ្យពិការជើងទាំងសងខាង ហើយករណីគ្រោះថ្នាក់ចរាចរណ៍បានកប់ចោលជិតប្រាំឆ្នាំហើយ ដោយក្មេងស្រីរូបនេះមិនទទួលយុត្តិធម៌ និងមិនបានទទួលសំណងអ្វីពីជនបង្កនោះទេ៕






