សម្តេចម៉ែ៖ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជារាស្ត្រកម្ពុជាគ្រប់រូប

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះបន្ទូលថា សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ។ សន្តិភាពកើតមានឡើងតាមរយៈការខិតខំរួមគ្នា និងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជន និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ សុខសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន និងពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យប្រជារាស្ត្រ បានរស់នៅជាមួយភាពសុខដុមរមនា គ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ ប្រពៃណីដោយសេរី និងទទួល បាននូវកិច្ចគាំពារសង្គមដ៏ទូលំទូលាយ និងស្មើភាពគ្នា។ 

សម្តេចព្រះមហាក្សត្រី មានបន្ទូលបន្តថា ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ អាស្រ័យកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងគោលនយោបាយឈ្នះ ឈ្នះ ដែលបានផ្តួចផ្ដើមដោយតួអង្គសំខាន់ ក្នុងនោះមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងឥស្សរជនមួយចំនួនទៀត បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិពេញលេញបរិបូរណ៍ ធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវកិច្ចអភិវឌ្ឍលើគ្រប់វិស័យដូចក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជារាស្ត្រកម្ពុជាគ្រប់រូប។

បន្ទូលរបស់សម្តេចម៉ែ ក្នុងព្រះរាជសារអបអរសាទរខួបលើកទី ១១៥ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ សម្តេចម៉ែ សម្តែងនូវការកោតសរសើរនិងអំណរគុណដល់រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងបន្តបំពេញកិច្ចការរបស់ខ្លួនក្នុងការថែរក្សា សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់បម្រើឧត្តមប្រយោជន៍ ជាតិ និងប្រជាជន។ ជាសក្ខីភាព ក្នុងកាលៈទេសៈនៃវិបត្តិដែលបង្កដោយបញ្ហាជម្លោះព្រំដែន រាជរដ្ឋាភិបាលបាន ប្រកាន់ខ្ជាប់នូវជំហរដោះស្រាយដោយសន្តិវិធី និងអត់ធ្មត់ ដើម្បីរក្សាសុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព និងជនភៀសសឹកដែលរងគ្រោះ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចម៉ែ កោតសរសើរ និងអរគុណដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផា ដែលបានដឹកនាំដ៏វាងវៃកម្មវិធីមនុស្សធម៌ និងបានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជម្លោះព្រំដែនជាមួយប្រទេសជិតខាង កាលពីពេលថ្មីៗនេះ ដែលបានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងការរស់នៅរបស់ប្រជាជន៕

5
Promotion