សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងស្តីពីការផ្អាកចាប់គូប្រកួត ចំពោះកីឡាករត្រកូល អេ ទាំង២នាក់បងប្អូន

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចលុបចោល សេចក្តីជូនដំណឹងស្តីពីការផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល ៦ខែ ចំពោះកីឡាករ ២រូប គឺកីឡាករ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និង កីឡាករ អេ អាំម៉ារីនភូថង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល ៦ខែ ចំពោះកីឡាករ ២រូប គឺកីឡាករ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និង កីឡាករ អេ អាំម៉ារីនភូថង ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ។ ការផ្អែកនេះ ធ្វើឡើងតាមសំណើររបស់មជ្ឈម​ណ្ឌលកីឡាក​ងយោធពលខេមរភូមិន្ទ ក្រោមហេតុកីឡាករទាំង២នាក់ ជាយោធិនសេរីមិនគោរពអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល​កីឡាកងយោធពលខេមរភូមិន្ទ។

ក្រោយប្រកាសជូនដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរនេះ ក៏ផ្ទុះការវែកញែកលើរឿងរហូតដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន និងរងចាំការដោះស្រាយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា នៅពេលកីឡាករទាំងពីររូបវិលត្រឡប់មកវិញ។

នៅលើបណ្តាញសង្គម នាថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ « ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោល​សេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។ ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យ កីឡាករទាំងពីររូបនិងគណៈប្រតិភូវិលចូលប្រទេសវិញ ចាំពិភាក្សា​ដោះស្រាយ​ជាក្រោយ​ដោយស្មារតីសា​មគ្គីភាពនិងការ​យោគយល់គ្នា»។

5
Promotion