បន្ទាប់ពីការវាយប្រហារដោយយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលៗទាំងនយោបាយនិងយោធារបស់អ៊ីរ៉ង់ កាលពីថ្ងៃទិ២៨ កុម្ភៈ ឆ្នាំ២០២៦ ការសងសឹកជាបន្តបន្ទាប់របស់ទីក្រុងតេហេរ៉ង់ បានផ្ទុះឡើងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មាន ស្តីពី ប្រជាជនខ្មែរទទួលរងគ្រោះដោយសារសង្គ្រាមនេះនៅឡើយទេ ខណៈថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហានេះ ជាពិសេសពីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងបណ្តាប្រទេសដែលមានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបានអំពាវនាវឱ្យភាគីជម្លោះមានការអត់ធ្មត់ជាអតិបរមា។
ឯកឧត្តម ប៉ែន បូណា បានបន្តថា បណ្តាស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ាបានទទួលការណែនាំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋនិងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទង ដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។ជាក់ស្តែង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទួគីយេ និងគូវ៉ែត បានចេញសេចក្តីអំពាវនាវដល់និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងបានទាក់ទងជាប្រចាំជាមួយប្រធានក្រុមនិស្សិតហើយបានប្រាប់ឱ្យពួកគេរក្សាការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងត្រៀមខ្លួនជានិច្ចក្នុងករណីមានអាសន្ន ដោយត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរនៃប្រទេសដែលខ្លួនកំពុងស្នាក់នៅ។

នៅប្រទេសអ៊ីស្រាអែល មាននិស្សិតខ្មែរសរុបចំនួន ២៣៩ នាក់កំពុងសិក្សានៅទីនោះ ក្នុងនោះនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ១៥៣ នាក់ និងសាលាកសិកម្មព្រែកលាបចំនួន ៨៦ នាក់។ ចំណែកនៅប្រទេសគូវ៉ែត មាននិស្សិតខ្មែរ ២៧ នាក់។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងស្នាក់នៅ ធ្វើការ ឬធ្វើដំណើរកម្សាន្តក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ បន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបញ្ជាក់ថា កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមាដើម្បីជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព៕
