នៅថ្ងៃទី៣ ខែមីនានេះ អាជ្ញាធរនឹងចុះហ៊ុមព័ទ្ធសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំក្រុមការងារ សហការជាមួយរដ្ឋបាលសង្កាត់ ផ្សារថ្មីទី៣ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋដោយផ្ទាល់ និង ហ៊ុមព័ទ្ធទីតាំងអគារ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។
តាមរយៈការជូនដំណឹងជាថ្មីម្តងទៀតរបស់ក្រសួងរៀបចំដែនដី បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅប្រើប្រាស់ និងអាស្រ័យផល ក្នុងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ចូលរួមសហការអនុវត្តប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហើយត្រូវស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់។
មុនឈានដល់ការហ៊ុមព័ទ្ធសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ក្រសួងក៏បានរៀបចំក្រុម ការងារសហការជាមួយ រដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណកម្ម ប្រជាពលរដ្ឋដែលកំពុងរស់នៅ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារសាលាបឋមសិក្សាបដិវត្តន៍ រួចហើយដែរ។
ជាមួយគ្នានោះ ក្រសួងក៏បានបញ្ជាក់ថា ដោយយោងពីលទ្ធផលរបស់ ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានសំណង់និងមន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួង បានចាត់ថ្នាក់អគារនេះថាជាសំណង់ដែលមាន សភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ បន្ទាប់ពីបានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារឡើងវិញ និងពិនិត្យឃើញថាគុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះ ស្រទាប់បេតុង និងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមច្រេះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល ដោយអាចប្រឈមនឹងហានិភ័យបាក់រលំដែលអាច កើតមានឡើងជាយថាហេតុ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី សាលាបដិវត្តន៍ មានទីតាំងនៅខណ្ឌដូនពេញ មានទំហំជាង ៧៨០ម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅ ៩គ្រួសារ។អតីតសាលាបឋមសិក្សាបដិវត្តន៍ ជាសំណង់អគារចាស់ទ្រុឌទ្រោម ០១ ក្នុងចំណោម ០៤ ដែលមានអាយុកាលយូរឆ្នាំ។ អគារចាស់ទ្រុឌទ្រោម ៣ទៀត រួមមាន អគារសាលាខេមរបុត្រ (មានអ្នករស់នៅ ១១គ្រួសារ) សំណង់ផ្ទះខុង ស៊ាងហ៊ី (អ្នករស់នៅ ៦គ្រួសារ) និងសំណង់ផ្ទះ២ល្វែងហ្សិត (មានអ្នករស់នៅ ២១គ្រួសារ) ដែលសំណង់អគាចាស់ទាំងអស់នេះ មានអាយុកាលចន្លោះពី ៥០ឆ្នាំ ទៅ៧០ឆ្នាំ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលត្រូវតែវាយកម្ទេចចោល ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ចាប់ផ្តើមពីខែកុម្ភៈ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៦៕




