ទូតថ្មីរបស់ស្លូវ៉ាគី ដៅវិស័យពាណិជ្ជកម្មនិងវិនិយោគ ជាចំណុចស្នូលដែលត្រូវ​ពង្រីកបន្ថែមរវាងកម្ពុជានិងស្លូវ៉ាគី

នៅក្នុងឱកាសអញ្ជើញប្រគល់សារតាំងជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បេសកកម្មរបស់ឯកឧត្តមនៅពេលនេះ គឺមានភារកិច្ចក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគីដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន ក៏បានសង្កត់លើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច និងការវិនិយោគដែលជាចំណុចស្នូលដែលចង់ពង្រីកក្នុងអាណត្តិរបស់ឯកឧត្តម។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិរបស់ឯកឧត្តម អេឡិចសិនដឺ មីខូវស៊ិន ជាឯកអគ្គរដ្ឋទូតថ្មីនេះនឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីឱ្យកាន់តែ​រីកចម្រើនបន្ថែមទៀត ជាពិសេសនៅក្នុងឱកាសខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២នៅឆ្នាំក្រោយនេះ សម្ដេចតេជោសង្ឃឹមថា នឹងមានការរៀបចំអបអរសាទរដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ក៏បានបង្ហាញការគាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចតេជោបានចាត់ទុកចំណុចទាំងនេះជាចំណុចស្នូលនៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ។ សម្ដេចតេជោ បានកោតសរសើរចំពោះក្រសួងការបរទេសនៃប្រទេសទាំងពីរដែលរដ្ឋាភិបាលតែងតែជជែកគ្នាអំពីការគាំទ្រគ្នាក្នុងឆាកអន្តរជាតិ និងលើវេទិកាអន្តរជាតិរវាងកម្ពុជា និងស្លូវ៉ាគី៕

5
Promotion