ចំណងមិត្តភាពនិងការទូតជាប្រពៃណី មិនអាចបំបែកបាន ក្នុងយុគ​សម័យ​​ដឹកនាំរបស់នាយករដ្ឋមន្ត្រីវ័យក្មេងប​ន្តវេនកម្ពុជានិងថៃ

មានឈាមជ័រជាកូនអ្នកនយោបាយ ជាអតីតនាយករដ្ឋមន្រ្តី ហើយទទួលឱកាសបានសិក្សានៅចក្រភពអង់គ្លេសដូចគ្នា នាយករដ្ឋមន្រ្តីវ័យក្មេងរបស់អាស៊ានទាំងពីររូបនេះ កំពុងបន្តពូនជ្រុំនូវទំនាក់ទំនង ជាប្រពៃណីឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

ដំណើរទស្សនកិច្ចផ្លូវការ លោកស្រី ផែថងថាន នៅរាជធានីភ្នំពេញ បានស្ពាយឯកសារចំនួន ៧ ចុះ MoU ជាមួយកម្ពុជា ស្របពេលប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូតនូវចំណងមិត្តភាពជាប្រពៃណី។ ឯកសារទាំង ៧នោះ គ្មានឡើយនិយាយពីរឿងព្រំដែននៅតំបន់ត្រួតស៊ីគ្នាមួយចំនួន មានតែបើកច្រកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការងារ។

ក្រុមអ្នកប្រឆាំង ច្បាស់ណាស់ចង់បានការជជែកពីរឿងបញ្ហាព្រំដែន ដែលជារឿងរសើប ដើម្បីឆ្លៀតឱកាសបកស្រាយ ឬរិះគន់ ក្នុងចេតនាកេងចំណេញនយោបាយ ។ បើនិយាយឲ្យចំ រងចាំព្យាយាមទាញទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលទាំងពីរ បង្កើតរឿងបង្កភាពចលាចល បង្កើតវិបត្តិនយោបាយ ពិសេសចង់បំបែកបំបាក់ចំណងការទូតរវាង មេដឹកនាំបន្តវេនទាំងពីរ ដែលសុទ្ធតែជាបញ្ញវ័នវ័យក្មេង ពោរពេញដោយសមត្ថភាព ធ្វើការត្រជាក់ដូចទឹក បើទោះ​ក្រុម​ប្រឆាំង​នៅក្នុងប្រទេសទាំងពី ព្យាយាមបង្កើតរឿងគ្រប់បែបយ៉ាង រុញឲ្យប្រជាជននៃប្រទេសពីរមានជម្លោះយ៉ាងណាក្តី។

ទោះបីជាយ៉ាងណា ការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការទៅមករវាងប្រទេសទាំងពីរ បានផ្តល់បច្ច័យកាន់តែខ្ពស់ និងបង្ហាញកាន់តែច្បាស់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបន្តរក្សានូវភាពរឹងមាំ ផ្តល់ថាមពលបន្ថែមដល់ចំណងមិត្តភាពជាប្រពៃណី បម្រើផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។ សមិទ្ធផលទាំងនេះ បើទោះជាបក្សប្រឆាំងមាន ១ម៉ឺន១លានហេតុផល ចង់បំបែកបំបាក់ក៏មិនងាយស្រួលប៉ុន្មាននោះឡើយ៕

អត្ថបទ៖ តុកាហ្វេការពិត