រដ្ឋមន្ត្រីបរិស្ថានកម្ពុជា៖ បញ្ហាបំពុលខ្យល់ជាវិបត្តិសកល តែប្រទេសជិតខាងខ្លះតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្វែរដានទម្លាក់កំហុសមកលើកម្ពុជា

ថ្មីៗនេះ កាសែត The Nation របស់ថៃ បានចុះផ្សាយចោទប្រកាន់ថា ការបំពុលខ្យល់នៅក្រុងបាងកក មានប្រភពពីភ្លើងឆេះនៅក្នុងប្រទេសកម្ពុជា។ ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុកថា ប្រទេសជិតខាងមួយនេះតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្វែរដានទម្លាក់កំហុសមកលើកម្ពុជា។ 

ឯកឧត្តម អ៊ាង សុផល្លែត បានសរសេររៀបរាប់លើផេកហ្វេសប៊ុកនៅថ្ងៃទី១៩ ខែមករា អំពីការពិតនៃគុណភាពខ្យល់យ៉ាងដូច្នេះថា៖ កម្ពុជាបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរកំហុសមកលើយើង។​ផ្ទៃមេឃពណ៌ខៀវមិនអាចកើតមានឡើងតាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ ប្រទេសកម្ពុជា បានធ្វើការដោះស្រាយបញ្ហាបំពុលខ្យល់ជារឿយៗ និងជាប្រព័ន្ធ ដើម្បីរក្សាឱ្យខាងតែបាននូវគុណភាពខ្យល់នៅកម្ពុជា សម្រាប់ប្រជាជនកម្ពុជាផង និងសម្រាប់ប្រទេសជិតខាងផង។

ខណៈពេលដែលបញ្ហាបំពុលខ្យល់កំពុងក្លាយជាវិបត្តិសុខភាពសាធារណៈសកល ទំនុកចិត្ត និងភាពស្មោះត្រង់លើទិន្នន័យវិទ្យាសាស្ត្រ បានក្លាយជាអាវុធដ៏សំខាន់បំផុតសម្រាប់ដោះស្រាយបញ្ហានេះ។ ប្រទេសកម្ពុជា តែងតែ ប្រកាន់ខ្ជាប់នូវ “តម្លាភាពនៃទិន្នន័យខ្យល់” ដោយមិនលាក់លៀម និងមិនប្រើប្រាស់ល្បែងនយោបាយទម្លាក់កំហុស ដើម្បីបិទបាំងភាពអសកម្មរបស់ខ្លួនឡើយ។

បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រទេសកម្ពុជាយល់ច្បាស់ថា ការទទួលស្គាល់ការពិតនៃប្រភពបំពុលក្នុងស្រុក មិនមែនជាការបង្ហាញភាពទន់ខ្សោយនោះទេ ប៉ុន្តែវាគឺជាសញ្ញានៃ ការទទួលខុសត្រូវខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋកម្ពុជា។ ប្រទេសកម្ពុជា បានវិនិយោគលើប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ ដែលផ្តល់ទិន្នន័យជាក់ស្តែង (Real-time data) លើកំហាប់ភាគល្អិត PM2.5 ។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយជាប្រចាំថ្ងៃជូនសាធារណៈជនយល់ដឹង។ តាមរយៈការបញ្ចេញទិន្នន័យ ត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់ដោយចំហនេះ ប្រទេសកម្ពុជាបានផ្តល់អំណាចឱ្យពលរដ្ឋខ្លួនឯងអាចការពារខ្លួន និងជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់បរិស្ថានលើរោងចក្រ និងឧស្សាហកម្មក្នុងស្រុកដោយគ្មានការលើកលែង។ នេះគឺជា “ភាពស្មោះត្រង់ដែលសង្គ្រោះជីវិត”។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្តថា ផ្ទុយស្រឡះពីប្រទេសកម្ពុជាយើងសង្កេតឃើញថា ប្រទេសជិតខាងខ្លះតែងតែប្រើប្រាស់យុទ្ធសាស្ត្រ “បង្វែរដាន”។ រាល់ពេលដែលខ្យល់ពុលឡើងដល់កម្រិតអាសន្ន ពួកគេតែងតែចង្អុលមុខមកប្រទេសកម្ពុជា ឬប្រើលេស “ខ្យល់បក់ឆ្លងដែន” ដើម្បីដោះសារចំពោះបរាជ័យនៃគោលនយោបាយក្នុងស្រុករបស់ខ្លួន។ ការប្រើប្រាស់ “ជាតិនិយម” ឬការបញ្ជាឱ្យប្រព័ន្ធផ្សព្វផ្សាយសរសេរភូតភរ ដើម្បីការពារមុខមាត់រដ្ឋាភិបាលក្នុងបញ្ហាបរិស្ថាន គឺជាទង្វើអសីលធម៌បំផុត។ ផ្សែងពុលមិនស្គាល់ព្រំដែន ហើយវាក៏មិនចេះស្តាប់បង្គាប់តាមការឃោសនាអកុសលនោះដែរ។ ការទម្លាក់កំហុសឱ្យប្រទេសជិតខាង មិនត្រឹមតែបំផ្លាញទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបណ្តោយឱ្យពលរដ្ឋខ្លួនឯងស្លា.ប់ក្នុងផ្សែងពុល ដោយសារតែមិនព្រមដោះស្រាយឫសគល់នៃបញ្ហាក្នុងស្រុក។

បញ្ហានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវយ៉ាងទទូចដល់ប្រទេសជិតខាងទាំងអស់៖

– ហ៊ានទទួលស្គាល់ការពិត៖ សូមបញ្ឈប់ការទម្លាក់កំហុសមកលើប្រទេសកម្ពុជាហើយងាកមកពិនិត្យប្រភពបំពុលក្នុងស្រុករបស់ខ្លួន (រោងចក្រ ភ្លើងឆេះព្រៃ និងការបំភាយឧស្ម័ន) ដោយភាពត្រឹមត្រូវតាមបច្ចេកទេស

– ចែករំលែកទិន្នន័យដោយតម្លាភាព៖ មានតែការប្រើប្រាស់ទិន្នន័យផ្កាយរណប និងព័ត៌មានវិទ្យាសាស្ត្ររួមគ្នាប៉ុណ្ណោះ ទើបយើងអាចកំណត់ប្រភពបំពុលបានច្បាស់លាស់ និងរកដំណោះស្រាយរួម

– វិជ្ជាជីវៈសារព័ត៌មាន៖ សូមឱ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ប្រើប្រាស់ប៊ិច ដើម្បីជម្រះផ្សែងពុល តាមរយៈការចុះផ្សាយព័ត៌មានពិត ដើម្បីដាក់សម្ពាធឱ្យមានការកែទម្រង់ច្បាប់បរិស្ថាន មិនមែនប្រើប៊ិចដើម្បីបក់ផ្សែងបិទបាំងភ្នែករាស្ត្រឡើយ។

ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ខ្យល់ពុលបក់មិនស្គាល់ព្រំដែននោះទេ ដំណោះស្រាយសកលដែលយូរអង្វែងបំផុត គឺប្រទេសនីមួយៗត្រូវ ហ៊ានសំឡឹងមើលការពិត និងកែលម្អគុណភាពខ្យល់ក្នុងស្រុកខ្លួនឯងឱ្យបានល្អបំផុត។ តួយ៉ាងប្រទេសកម្ពុជារក្សានូវគុណភាពខ្យល់ខ្លួនបាន ហើយមិនមានការសាយភាពជាតិពុលទៅប្រទេសដទៃទៀតឡើយ ។ នៅពេលដែលគ្រប់រដ្ឋទាំងអស់ឈប់សាយភាយជាតិពុលចេញពីដែនដីរបស់ខ្លួន និងឈប់ប្រើលេសទម្លាក់កំហុសដាក់គ្នា នោះផ្ទៃមេឃពណ៌ខៀវនឹងត្រលប់មកវិញ។ យើងរួមគ្នាទាំងអស់គ្នា នោះគុណភាពខ្យល់នឹងល្អទូទាំងពិភពលោក៕

5
Promotion